ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G-77 បូកចិន នៅប្រទេសគុយបា

0

បរទេស៖ ឯកឧត្តម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស G-77 បូក​ចិន នៅ​រដ្ឋធានី​ហា​វ៉ា​ណា ប្រទេស​គុយ​បា ចាប់ពី​ថ្ងៃ​ទី​១៥ ដល់ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣​។

ឯកឧត្តម Miguel Díaz-Canel ប្រធានាធិបតី​គុយ​បា បាន​ទទួល​ស្វាគមន៍​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល និង​សមាជិក​នៃ​គណៈប្រតិភូ​ជាន់ខ្ពស់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ នៅ​មជ្ឈមណ្ឌល​សន្និសីទ​ក្នុង​រដ្ឋធានី​ហា​វ៉ា​ណា និង​បាន​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​ផង​ដែរ​។

យោង​តាម​ស្ថានទូត​គុយ​បា ប្រចាំ​កម្ពុជា គណៈប្រតិភូ​ជាង​១០០ នាក់ មក​ពី​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​ក្រុម​ប្រទេស G-77 បូក​ចិន និង​មន្ត្រី​មក​ពី​អង្គការ​អន្តរជាតិ​កំពុង​ចូលរួម​ក្នុង​វេទិកា​នេះ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នយោបាយ និង​សេដ្ឋកិច្ច ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា ក្រុម​ប្រទេស G-77 បូក​ចិន មាន​រដ្ឋ​សមាជិក​ចំនួន ១៣៤ ក្នុង​នោះ​ពីរ​ភាគ​បី​ជា​សមាជិក នៃ​អង្គការសហប្រជាជាតិ និង​មាន​ប្រជាជន​ប្រមាណ ៨០ ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​នៅ​លើ​ពិភពលោក​។

គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស G-77 បូក​ចិន នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែកញ្ញា នេះ​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា