ក្រសួងកសិកម្ម៖ កម្ពុជានាំចេញផលិតផលជលផលប្រមាណ១០តោន សម្រាប់ជើងដំបូង ទៅកាន់ទីផ្សារប្រទេសចិន

0

ភ្នំពេញ​៖ លោក​ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​ដោយ បាន​សម្ដែង​ការ​អបអរសាទរ​និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន ដែល​បាន​ប្រមូល​ទិញ​ផលិតផល​ជលផល​ធម្មជាតិ​ពី​ប្រជា​នេសាទ​ខ្មែរ រហូត​សម្រេច​បានការ​នាំ​ចេញ​ផលិតផល​ជលផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ជា​លើក​ដំបូង កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ឆ្នាំ​២០២៣​។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ការ​នាំ​ចេញ​ផលិតផល​ជលផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ជា​លើក​ដំបូង​នេះ ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Kim Chou Co., Ltd Import Export and International Transportation​។ ចំណែក​ផលិតផល​ជលផល​ដែល​នាំ​ចេញ​មាន​២​ប្រភេទ​គឺ អន្ទង់​បង្កក និង​កំពឹស​ទឹកសាប​បង្កក ក្នុង​បរិមាណ​សរុប ១០ តោន​។

បើ​តាម​លោក​ជំទាវ អ៊ឹម រចនា ការ​នាំ​ចេញ​ជើង​ដំបូង​នេះ គឺជា​ជោគជ័យ​មួយ​ជំហាន និង​ថា នៅ​មានការ​ងារ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​។ លោក​ជំទាវ​អនុរដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា ការងារ​អាទិភាព​ដំបូង គឺ​ធ្វើ​យ៉ាងណា​រក្សា​នូវ​គុណភាព ស្រប​តាម​ស្តង់ដារ​អនាម័យ និង​ភូតគាម​អនាម័យ កំណត់​ដោយ​រដ្ឋបាល​គយ​ចិន ដើម្បី​ធានា​ឲ្យ​បាន​ថា ផលិតផល​ជលផល​របស់​ខ្មែរ​នៅ​តែ​អាច​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​បាន​។

ចំណែក​ការងារ​បន្ទាប់ គឺ​ជំរុញ​ឱ្យ​ផលិតផល​ជលផល​របស់​ខ្មែរ មានគុណ​ភាព​កាន់តែ​ខ្ពស់ មាន​សោ​ភណ្ឌ​ភាព​កាន់តែ​ល្អ មាន​សុវត្ថិភាព និង​មាន​រសជាតិ​កាន់តែ​ឆ្ងាញ់ ក្នុង​គោលដៅ​ពង្រឹង​និង​ពង្រីក​តម្រូវការ​របស់​អតិថិជន​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​។

លោក​ជំទាវ អ៊ឹម រចនា បាន​បន្ថែម​ថា នៅ​ពេល​ដែល​សេចក្ដី​ត្រូវការ​នៅ​ទីផ្សារ​ចិន​កើនឡើង ការ​នាំ​ចេញ​ផលិតផល​ជលផល​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​នឹង​មាន​កំណើន​។ ចំណែក​វា​រី​វប្បករ អ្នក​ចិញ្ចឹម​ត្រី​នៅ​ស្រុក​ខ្មែរ នឹង​មានការ​ងារ​ធ្វើ​កាន់តែ​ច្រើន​។

លោក​ជំទាវ​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា​៖ «​តាម​រយៈ​ការ​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ជលផល​ខ្មែរ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​នេះ ក្រសួង​សង្ឃឹមថា វា​នឹង​អាច​ជួយ​បង្កើន​ជីវភាព​បងប្អូន​វា​រី​វប្បករ​នៅ​ស្រុក​ខ្មែរ​យើង​ឲ្យ​កាន់តែ​មានការ​រីក​ចំរើន​ទៅ​មុខ និង​រួមចំណែក​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ផង​ដែរ​»៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា