ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយសាខា ក.ប.ប. រាជធានីភ្នំពេញ និងគណៈកម្មាធិការផ្សារអូរឬស្សី បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងយកសំណាកគំរូ ទំនិញម្ហូបអាហារ ចំនួន៦៧មុខ រួមមាន៖ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុក ផ្អក មើមខ្ទឹម ស ក្រហម សរសៃគុយទាវ មី និងសារាយសមុទ្រជាដើម ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ វិភាគនៅនឹងកន្លែងជាក់ស្តែងក្នុងរថយន្តពិសោធន៍។
សូមបញ្ជាក់ផងដែរថា ការត្រួតពិនិត្យគុណភាពទំនិញនៅលើទីផ្សារជាប្រចាំ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ ត្រូវបានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងចង្អុលបង្ហាញឱ្យអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបាននូវ ការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីធានាបាននូវទំនិញម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ និងបន្តអប់រំឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ប្រកបអាជីវកម្មរបស់ខ្លួនដោយសុចរិត និងស្វែងយល់ពីអំពើល្មើសពាក់ព័ន្ធនឹងការប្រកបអាជីវកម្មដែលបង្កឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សារធាតុគីមីហាមឃាត់ ឬការប្រើប្រាស់លើសកម្រិតជាដើម។
ជាមួយគ្នានេះដែរ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើតេស្តលើសំណាកគំរូ ក្នុងនោះមានវត្តមានសារធាតុគីមីហាមឃាត់លើសំណាកគំរូរួមមាន៖ ពពុះសណ្តែក ចំនួន៦គីឡូ ស្លឹកជីឆាយ ចំនួន១គីឡូ មីសរសៃលឿង ចំនួន៣គីឡូ ងៀតបបែលក្រៀម ចំនួន១គីឡូ សរសៃសារាយសមុទ្រចំនួន៧គីឡូ និងបង្គាមានចាក់ចាហ៊ួយចំនួន៣.៥គីឡូ សរុបចំនួន ២១.៥គីឡូ ដោយបានធ្វើកិច្ចសន្យា និងដកហូតទំនិញខាងលើ យកទៅបំផ្លាញចោលតាមនីតិវិធី។
ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៍បានអញ្ជើញអាជីវករដែលប្រកបអាជីវកម្មក្នុងផ្សារអូរឬស្សី និងតាមបណ្តោយផ្លូវសុកហុក ដែលតាំងលក់ផលិតផលគីមី មកស្តាប់ការធ្វើបទបង្ហាញ និងផ្សព្វផ្សាយខ្លឹមសារ ប្រកាសស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន លេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងអប់រំ និងបញ្ជ្រៀបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។ សូមបញ្ជាក់ថាផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន សំដៅដល់សារធាតុគីមី ឬផលិតផលគីមីដែលមានលក្ខណៈជាផលិតផលសម្រេច ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ហើយត្រូវបានប្រើប្រាស់ជាសារធាតុជំនួសសម្រាប់គោលបំណងផ្សេងៗនៃជីវភាពរស់នៅធម្មតា មានដូចជា ការប្រើប្រាស់នៅតាមផ្ទះ រោងជាង ប្រើប្រាស់ក្នុងសួន ឬកន្លែងផ្តល់សេវាសាធារណៈផ្សេងៗទៀត។
លើសពីនេះទៅទៀត មន្ត្រីជំនាញក៏បានពន្យល់ អប់រំ ណែនាំ ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផលម្ហូបអាហារ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ឱ្យដាក់តាំងលក់ ផលិតផលទំនិញឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី និងទំនិញម្ហូបអាហារ និងការពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម៕