បរទេស៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់សម្ដេចទៅទៀត ដោយនាយករដ្ឋមន្ត្រីរូបនេះ ចេញដំណើរ ដោយការជឿជាក់គ្រប់ គ្រង បានសភាពការណ៍លើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះ។
នៅលើបណ្ដាញតេឡេក្រាមនាព្រលប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា ៖ “ត្រូវលោតទៅក្នុងទឹក ទើប ចេះហែលទឹក។ ខ្ញំកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស”។
សម្ដេចតេជោលើកឡើងថា ដោយធ្លាប់អនុវត្តន៍ផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣៨ឆ្នាំ ខ្ញុំអាចនិយាយ បានថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត។ មិនមែននិយាយ លើកសរសើរកូនខ្លួនឯងនោះទេ មុននេះខ្ញុំគិតថាត្រូវប្រើពេលប្រមាណ៣ខែទើប នាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រងលើការងារបានទាំងស្រុង។
សម្ដេចតេជោគូសបញ្ជាក់ថា ផ្ទុយពីការគិតរបស់ខ្ញុំ នាយករដ្ឋមន្ត្រីរូបនេះចេញដំណើរ ដោយការជឿជាក់គ្រប់គ្រងបានសភាពការណ៍ លើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរ ទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះ និងត្រៀមខ្លួនចេញដំណើរទៅចូលរួម មហាសន្និបាត អង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា៖ «កូននាគរាជច្បាស់ជាមិនក្លាយ ទៅកូនកង្កែប នោះ ឡើយ»៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា