ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យការងារ ផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុ ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) ឱ្យបានលឿន ។
ឯកឧត្តមបានជំរុញបែបនេះ ខណៈដែល ឯកឧត្តមអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពាក់ ព័ន្ធនឹងការងារនេះនារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ប៉ាក សុខារ៉ាវុត សមាជិកក្រុមប្រឹក្សាភិបាល(ស.ស.ក) និងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងក្រសួងបរិស្ថាន, តំណាងក្រសួងមហាផ្ទៃ, សមាជិកក្រុមប្រឹក្សាភិបាល(ស.ស.ភ) តំណាងក្រសួងរ៉ែ និងថាមពល, ប្រធានរតនាគារ រាជធានីភ្នំពេញ, ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ និងអគ្គនាយកសហគ្រាស គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ)។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មក សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ(ស.ស.ភ) នេះ គឺមាន គោលបំណងឱ្យដំណើរការនៃការប្រមូល និងការគ្រប់គ្រងសំរាមនៅក្នុងរាជធានីភ្នំពេញ បាន កាន់តែល្អប្រសើរជាងមុន ដោយសារថា នៅភ្នំពេញ បច្ចុប្បន្ននេះ ប្រជាជនរស់នៅ របៀបស៊ីវីល័យ ដែលទាមទារឱ្យរាជធានីភ្នំពេញ ជាទីក្រុងស្អាតមានបរិស្ថានល្អ មិនមាន សំរាមពាសវាលពាសកាល។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា កិច្ចប្រជុំខាងលើនេះ គឺដើម្បីស្វែង រកនីតិវិធីនៃការផ្ទេរ មុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំ ជនរាជធានីភ្នំពេញ (ស.ស.ភ) ឱ្យបានលឿន យ៉ាងយូរផ្ទេរឱ្យបានរួចរាល់ នៅក្នុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
ដើម្បីឱ្យការងារនេះ ដំណើរការនេះ ទៅបានលឿន ឯកឧត្តម ឃួង ស្រេង បានជំរុញ ឱ្យក្រុមការងារបច្ចេកទេស រតនាគារ និងក្រុមការងារពាក់ព័ន្ធចាប់ដៃគ្នា ទំនុកបម្រុងគ្នា ធ្វើការនេះ ទើបសហគ្រាសថ្មីរបស់រដ្ឋនៅថ្នាក់ក្រោមជាតិមួយនេះ នឹងកើនមានឡើង បានលឿន។ សហគ្រាសរកស៊ីបានតែត្រឹមរួចខ្លួនបានហើយមិនបាច់ចំណេញ សំខាន់ឱ្យតែរាជធានីភ្នំពេញរបស់យើងស្អាត និងមានបរិស្ថានល្អ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា