សៀមរាប៖ ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ចង់ឲ្យគ្រប់សាលារៀនទាំងអស់នៅក្នុងទូទាំងខេត្ត បញ្ឈប់ការលក់នំកញ្ចប់ ដោយងាកមកលក់នំចំណីថ្មីៗ ដែលធ្វើដោយដៃខ្មែរវិញ។
លោក ម៉ៃ សាមឿន រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប បានលើកឡើងថា ការលក់នំកញ្ចប់ ក៏ដូចជាភេសជ្ជៈកំប៉ុងនានា បានធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កុមារ ដូច្នេះ ក្នុងនាមជាអាណាព្យាបាលរបស់កូនៗ ចៅៗ លោកចង់ឲ្យគ្រប់សាលារៀនទាំងអស់នៅក្នុងខេត្តសៀមរាប ងាកមកលក់នំចំណីរបស់ខ្មែរដែលធ្វើថ្មីៗ ព្រោះវាបានជួយដល់សុខភាពកុមារ ក៏ដូចជាការជួយលើកស្ទួយការងារពលរដ្ឋកម្ពុជា ។
ចំណែកលោក ទី រស់នៅស្រុកប្រាសាទបាគង ដែលជាអ្នកប្រកបរបររត់ម៉ូតូកង់បី និងលោក មុត ព្រំ រស់នៅសង្កាត់សាលាកំរើក ក៏បានលើកឡើងដូចគ្នាថា លោកគាំទ្រឲ្យមានការលក់នំចំណីខ្មែរ នៅតាមសាលារៀន ព្រោះនំកញ្ចប់ ដូចមិនផ្តល់ផលចំណេញអ្វីដល់សុខភាពកុមារនោះទេ ប៉ុន្តែសំណូមពរដល់អ្នកផលិតនំចំណីខ្មែរទាំងអស់ ក៏ត្រូវគិតគូរពីអនាម័យផងដែរ។
គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញគោលការណ៍ចំណីអាហារក្នុងគ្រឹះស្ថានសិក្សា ដោយហាមឃាត់ការលក់ចំណីអាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាព និងចំណីអាហារដែលតម្រូវឱ្យស្គាល់ប្រភពផលិតច្បាស់លាស់។ ចំណីអាហារដែលត្រូវហាមឃាត់មាន ៦ ប្រភេទ រួមមាន ៖ ទី១- ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់ , ទី២- គ្រឿងស្រវឹង និងផលិតផលថ្នាំគ្រប់ប្រភេទ , ទី៣- ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់ , ទី៤- ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូ គ្រប់ប្រភេទ , ទី៥- ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ និង ទី៦- ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម តំណាប់ផ្អែមគ្រប់ប្រភេទ។ វិធានការហាមឃាត់ការលក់ចំណីអាហារទាំង ៦ ប្រភេទនេះបានចូលរួមទប់ស្កាត់ ករណីសិស្សពុលអាហារកន្លងមកតាមរយ:ការដាស់តឿនឱ្យមានការគិតគូរប្រុងប្រយ័ត្នរឹតតែខ្ពស់ក្នុងការជ្រើសរើសចំណីអាហារដែលមានផលវិជ្ជមានសម្រាប់ទ្រទ្រង់សុខភាព និងការលូតលាស់ផ្លូវបញ្ញា ៕
ប្រភព៖ ក្រសួងព័ត៌មាន