ចង់ដឹងទេ ថាករណី​ស្ត្រី​ម្នាក់ ចោទប្រកាន់​ស្ត្រី​ម្នាក់​តែងខ្លួន​ជា​ប្រុស បាន​តាម​អុកឡុក​រំខាន​ដល់​ជីវិត​នាង​ជា​រៀងរាល់ថ្ងៃ​ គឺដល់ណាហើយ

0

ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​ជម្រាប​ជូន​សាធារណៈជន​មេត្តា​ជ្រាប​ថា​៖ ក្រោយ​ពី​បានឃើញ​នូវ​ហេតុការណ៍​បង្ហោះ​វី​ដេ​អូ​មួយ​ឃ្លី​ប​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ពី​សំណាក់​ស្ត្រី​ម្នាក់ ចោទប្រកាន់​ស្ត្រី​ម្នាក់​តែងខ្លួន​ជា​ប្រុស​ដែល​ជា​អតីត​គូរ​កំណាន់ចិត្ត បាន​តាម​អុកឡុក​រំខាន​ដល់​ជីវិត​នាង​ជា​រៀងរាល់ថ្ងៃ​។

ជុំវិញ​បញ្ហា​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បញ្ជាក់​ឱ្យ​ដឹង​ថា​៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣ ស្ត្រី​តែងខ្លួន​ជា​ប្រុស​មានឈ្មោះ ឡុ​ង សុខ​គី​ម អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ឳ​ឡឹ​ក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​នីតិវិធី បន្ទាប់​ពី​ស្ត្រី​តែងខ្លួន​ជា​ប្រុស​បាន​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​។

លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី បាន​បកស្រាយ​ឱ្យ​ដឹង​ថា​៖ កាលពី​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ស្ត្រី​ឈ្មោះ វណ្ណ ឌី​លក្ខណ៍ អាយុ​៣១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៣៨ ផ្លូវ​១៩៨៦ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ប្តឹង​ឈ្មោះ ឡុ​ង សុខ​គី​ម ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ឳ​ឡឹ​ក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ពី​បទ​តាម​អុកឡុក​។

នៅ​ពេល​នោះ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ក៏​បាន​កោះហៅ​ស្ត្រី​រង​ការ​ចោទប្រកាន់​ដើម្បី​សាកសួរ​ជុំវិញ​បណ្តឹង​នេះ​។ លុះ​នៅ​ថ្ងៃ​ដដែល​ភាគី​ទាំង​ពីរ​គឺ​ស្ត្រី​ដើមបណ្តឹង​និង​ស្ត្រី​ចុង​បណ្តឹង​ក៏​បាន​សម្របសម្រួល​គ្នា​ម្តង​រួច​មក​ហើយ សម្រេច​ប​ដិ​សេ​ដ​ដក​ពាក្យបណ្តឹង​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី មិន​ប្តឹង​ចោទ​ស្ត្រី​ចុង​បណ្តឹង​នោះ​ទៀត​ទេ​។

ដោយឡែក​នៅ​ពេល​នោះ​សម្រាប់​ស្ត្រី​ចុង​បណ្តឹង​តែងខ្លួន​ជា​ប្រុស​មានឈ្មោះ ឡុ​ង សុខ​គី​ម សមត្ថកិច្ច​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​តាម​យាយី អុកឡុក ក្នុង​ជីវិត​ស្ត្រី​ដើមបណ្តឹង​តទៅ​ទៀត បើ​មាន​ករណី​កើតឡើង​បន្ត​ទៀត ស្ត្រី​ខាងលើ​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ