ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកវគ្គតម្រង់ទិសដល់ពលករជំនាញ និងកម្មសិក្សាការីចំនួន១០៣នាក់មុនចេញទៅបម្រើការនៅប្រទេសជប៉ុន ក្នុងនោះ ពលករជំនាញមានបីនាក់ និងកម្មសិក្សាការីចំនួន១០១នាក់។
ក្នុងវគ្គតម្រង់ទិសដែលធ្វើនៅទីស្តីការក្រសួង ឯកឧត្តម ឡេង តុង ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានអបអរសាទរដល់ពលករនិងកម្មសិក្សាការីទាំងអស់ដែលបានទៅធ្វើការនៅប្រទេសជប៉ុន។ ទន្ទឹមនឹងនេះ ឯកឧត្តមទីប្រឹក្សា បានណែនាំឱ្យកម្មសិក្សាការី និងពលករជំនាញត្រូវគោរពច្បាប់និងវិន័យនៅកន្លែងធ្វើការ ហើយស្ដាប់តាមការណែនាំរបស់និយោជកជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពការងារ ក៏ដូចជាការសម្របខ្លួនទៅតាមទំនៀមទំលាប់ប្រពៃណីរបស់ជប៉ុន។
ក្រៅពីការផ្តាំឱ្យមើលថែសុខភាពខ្លួនឯង ឯកឧត្តមឡេង តុង បានផ្តាំដាច់ខាតឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងត្រូវចេះសន្សំប្រាក់ និងគ្រប់គ្រងចំណូលនិងចំណាយប្រចាំខែដើម្បីអាចសន្សំប្រាក់សម្រាប់ផ្ញើមកកាន់ប្រទេសកំណើត ឬសន្សំទុកប្រកបរបរផ្សេងៗពេលធ្វើមាតុភូមិនិវត្តន៍។
សូមបញ្ជាក់ថា ចាប់ពីខែតុលា ឆ្នាំ២០២៣ខាងមុខតទៅ ប្រទេសជប៉ុននឹងផ្តល់ប្រាក់ឈ្នួលអប្បបរមាដល់កម្មសិក្សាការីនិងពលករជំនាញទាំងអស់ចំនួន៧ដុល្លារក្នុងពេលធ្វើការមួយម៉ោងដែលជាមធ្យមទទូលបាន១៤០០ដល់១៦០០ដុល្លារក្នុងមួយខែ។
គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ កម្មសិក្សាការី និងពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនមានប្រមាណជាង ២ម៉ឺននាក់ដែលធ្វើការលើវិស័យមួយចំនួនដូចជាវិស័យ កសិកម្ម វិស័យសំណង់ វិស័យឧស្សាហកម្ម និងវិស័យផ្សេងៗទៀត៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា