លម្អិត!! ករណីជនជាតិវៀតណាម ប្រើជំពាមកៅស៊ូបាញ់ក្មេងស្រីម្នាក់អោយរបួស

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២:៣០​នាទី កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​ហិង្សា​ដោយ​ចេតនា (​យក​ចំពាមកៅស៊ូ​បា​ញ់​បណ្តាល​ឲ្យ​របួស​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤ ផ្លូវ​បេតុង ភូមិ​១៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៨:២៧​នាទី​។

ជនសង្ស័យ​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ងី ហៅ ហេង ផល្លា ភេទ​ប្រុស ជនជាតិ​វៀតណាម មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៤ ផ្លូវជាតិ​លេខ​៥ ភូមិ​១៦ សង្កាត់​ស្រះ​ចក​។ វត្ថុ​តាង​ចាប់​យក​៖ ចំពាមកៅស៊ូ ដង​ឈើ​មួយ​។

សមត្ថកិច្ច​ជំនាញ​បន្ត​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៨:២៧​នាទី ជន​រង​គ្រោះ ឈ្មោះ សួន វ៉ា​ន់​នី ត្រូវជា​កូនបង្កើត​ឈ្មោះ តាំង សុវណ្ណ បាន​ជិះ​កង់​ស្គី​លេង​នៅ​លើ​ផ្លូវ​បេតុង ក្នុងភូមិ​១៦ សង្កាត់​ស្រះ​ចក ទៅ​វិញ​ទៅ​មក ស្រាប់តែ​ជន​រង​គ្រោះ​ខ្ទប់​មុខ​ស្រែកយំ​ថា​ឈឺ​ណាស់​ៗ រត់​ទៅ​ប្រាប់​ឪពុក ក្រោយ​ពី​បានឃើញ​មាន​របួស ឃើញ​ដូច្នោះ​ឪពុក​ជន​រង​គ្រោះ​បាន​សួរ​រក​អ្នក​ណា​គប់ ឬ​បា​ញ់​តែ​រក​មិនឃើញ លុះ​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៨:០០​នាទី បាន​សូម​កាំ​មេ​រ៉ា​សុវត្ថិភាព​អ្នក​ជិតខាង​មើល​ទើប​ឃើញ​និង​ស្គាល់ អង្គុយ​ក្បែរ​តុ​ក្នុងផ្ទះ​ទាញ​ចំពាមកៅស៊ូ​បា​​ញ់​ទើប​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក សហការ​ជាមួយ​ឪពុក​ជន​រង​គ្រោះ ចុះ​ទៅ​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​១២:៣០​នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤ ភូមិ​១៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ រួម​នឹង​វត្ថុ​តាង នាំ​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ធ្វើការ​សាកសួរ​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​សាកសួរ​ចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ