ភ្នំពេញ៖ បន្ទាប់ពីចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តមហ៊ុនម៉ានីបានប្តេជ្ញាធ្វើកំណែទម្រង់ ការប្រឡងក្របខ័ណ្ឌមន្ត្រីរាជការ ដោយ«មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព » ។
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងយ៉ាងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា «ខ្ញុំមានតួនាទី និងទំនួលខុសត្រូវខ្ពស់ចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីមុខងារសាធារណៈ នៅក្នុងការសម្រេចកិច្ចការកែទម្រង់លើការប្រឡងនេះឱ្យបានហ្មត់ចត់ជាទីបំផុត និងជាពិសេសក្នុងគោលដៅដើម្បីសមធម៌ និងយុត្តិធម៌សង្គម ឆ្ពោះទៅកាន់កំណែទម្រង់មួយ ដែលអាចទទួលបានទាំងអស់គ្នា» ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រីមុខងារសាធារណៈ បង្ហាញឆន្ទៈក្នុងការពន្លឿនយន្តការប្រឡងមន្ត្រីរាជការថ្នាក់ជាតិ ឱ្យសម្រេចឆាប់រហ័ស ។ ឯកឧត្តមបានបង្ហាញការគាំទ្រឥតងាករេ លើគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យមុខងារសាធារណៈ តាមរយៈការប្រឡងជ្រើសរើសមន្ត្រីថ្នាក់ជាតិ ។ ឯកឧត្តមក៏បានរៀបរាប់ ក្នុងសំណេរនោះថា « ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ខ្ញុំពិតជាមានសេចក្តីរីករាយ និងមានកិត្តិយសដោយបានក្លាយជាផ្នែកមួយ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងកិច្ចការកំណែទម្រង់ វិស័យមុខងារសាធារណៈ។ ក្នុងន័យនេះខ្ញុំគាំទ្រឥតងាករេ លើប្រសាសន៍ និងគោលការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យមុខងារសាធារណៈ និងធ្វើយ៉ាងណាខិតខំប្រឹងប្រែងពន្លឿនយន្តការដ៏មានសារៈសំខាន់នេះ ឱ្យសម្រេចបានកាន់តែឆាប់រហ័ស » ។
ការលើកឡើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនេះ ធ្វើឡើងក្រោយពេលដែលឯកឧត្តម បានចូលរួម និងបានស្តាប់ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូន កម្មករ និយោជិត ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយសម្តេចធិបតី បានលើកឡើងថា «ដើម្បីធានាឱ្យមានសុគតិភាព ត្រូវរៀបចំយន្តការថ្នាក់ជាតិមួយ ដោយរៀបចំឱ្យមានការប្រឡងយន្តការថ្នាក់កណ្ដាល និងសហការជាមួយក្រសួងជំនាញ ដើម្បីធានាឱ្យបានភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ហើយធានាឱ្យបាន អ្នកចេះគឺជាប់ នេះជាគោលការណ៍របស់រដ្ឋាភិបាលថ្មី។ សម្តេ ចធិបតី ក៏បានបន្ថែមផងដែរថា « ដើម្បីលុបបំបាត់ភាពអយុត្តិធម៌ក្នុងសង្គម និងមានតម្លាភាព ស្មើភាពគឺផ្ដើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នា ដោយបង្កើតផ្នត់គំនិតប្រកួតប្រជែងដោយភាពត្រឹមត្រូវ ជាជាងការប្រកួតប្រជែងពីខាងក្រោយ» ។
គួរកត់សម្គាល់ថា កន្លងមកការប្រឡងចូលក្របខ័ណ្ឌមន្ត្រីរាជការ ត្រូវបានធ្វើឡើងតាមការជ្រើសរើស ដោយក្រសួងស្ថាប័នសាមីនីមួយៗ ដោយទើបតែថ្មីៗនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានចេញបទបញ្ជាឱ្យផ្អាកការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មី ឆ្នាំ២០២៣ រង់ចាំយន្តការថ្មីដើម្បីធានាសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌សម្រាប់មន្ត្រីថ្មី ។
សូមរម្លឹកផងដែរថា កន្លងមកសម្រាប់កិច្ចការកំណែទម្រង់ វិស័យមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ធ្លាប់បានលើកឡើងក្នុងជំនួបជាមួយមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈថា ក្រសួងមុខងារសាធារណៈ បានដាក់ទិសដៅការងារសំខាន់ៗចំនួន៣ គឺ៖ ១-អនុវត្តន៍ចក្ខុវិស័យក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ។ ២-ជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាល សាធារណៈ ប្រកបដោយសមត្ថភាពខ្លាំង, ស្អាតស្អំ, ឆ្លាត, ដើម្បីកសាងជំនឿចិត្តពីមហាជន មកលើរាជ រដ្ឋាភិបាល (ឆ្ពោះទៅឆ្នាំ២០២៨) ។ ៣- ចូលរួមចំណែកក្នុងការធ្វើទំនើបកម្ម ស្ថាប័នសាធារណៈ ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា