កណ្តាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញដល់មន្ទីរដែនដី នគរូបនីកម្ម សំណង និង សុរិយោដីខេត្ត ត្រូវខិតខំចុះធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី លក្ខណៈជាប្រពន្ធ័ ឱ្យបានលឿនជូនប្រជាពលរដ្ឋទូទាំងខេត្ត ។
ឯកឧត្ដមមានប្រសាសន៍ជំរុញដូចនេះ នៅពេលចូលរួមប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៥២ អាណត្តិទី៣ នៅថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្តាល ។
ថ្លែងក្នុងប្រជុំនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត ជំរុញដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតាមដាននូវរាល់ប្រសាសន៍សំខាន់ៗ របស់ប្រមុខរាជរដ្ឋាភិបាលដើម្បី ឈ្វេងយល់ និងអនុវត្តតាមឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសមន្ត្រីទាំងអស់ត្រូវបន្តពង្រឹង របៀបរបបធ្វើការងារ ទំនាក់ទំនងការងារល្អ មានសាមគ្គីភាពឯកភាពផ្ទៃក្នុង និងត្រូវព្យាយាមបង្កើតកម្មវិធីបណ្តុះបណ្តាល កសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយភ្ជាប់នឹងជំនាញព័ត៌មានវិទ្យា និងឌីជីថល។ គណៈបញ្ហាការឯកភាពក្រុង-ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារបង្ក្រាប និងបន្តតាមដាននូវរាល់មុខសញ្ញាបទស្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន ត្រូវខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខ្លួនឱ្យបានល្អប្រសើរ ត្រូវពង្រឹងលើការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
ថ្លែងក្នុងកិច្ចប្រជុំនេះឯកឧត្តម នូ សាខន បានស្នើឱ្យមន្ត្រីទាំងអស់ ត្រូវតែខិតខំសិក្សាឈ្វេង យល់ដឹងអំពីចំណុចគន្លឹះ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ទុកជាមូលដ្ឋាន ដើម្បីរួមគ្នាអភិវឌ្ឍន៍ខេត្តកណ្ដាល ឱ្យកាន់តែកែចម្រើនថែមទៀត។
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ «កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព» និងមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល»សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និង ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា សរុបមានចំនួន ១២របៀបវារៈ សំខាន់ៗ ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា