បញ្ជូនជនជាតិថៃម្នាក់ទៅសាលាដំបូងខេត្ត ក្រោយបង្ខំអោយសង្សារដោះសម្លៀកបំពាក់ ហើយយកដបទឹកសុទ្ធសូកចូល…. រហូតរបួសមានឈាម

0

បន្ទាយមានជ័យ ៖ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ​។ កម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជាជនជាតិថៃ០១នាក់ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងអំពើលួចទៅសាលាដំបូងខេត្ត​ហើយ នៅថ្ងៃអាទិត្យ ១០ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមនិតិវិធី ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា ៖ ជនសង្ស័យ ឈ្មោះ​ វរ៉ាឆេត សាប់ប៉ាសាន​(WORACHETSAPPRA SAN) ហៅណាត់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កាលពីថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ​២០២៣​ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួនពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងអំពើលួច ប្រព្រឹត្តកាលពីវេលាម៉ោង០២ទាបភ្លឺឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលម្តុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ ក្នុងករណីឃាត់ខ្លួននេះដោយយោងតាមពាក្យបណ្តឹងឈ្មោះ អាំងថុង ភីយ៉ាផន(AMTHUNG PIYAPORN) ហៅមេ​ ភេទស្រី អាយុ២៥ឆ្នាំ ជាជនជាតិថៃស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​៖ ជនរងគ្រោះ​ និងជនសង្ស័យ​ (ជាសង្សាធ្លាប់រស់នៅជាមួយគ្នា​ជិត១ឆ្នាំ)​។ នៅថ្ងៃកើតហេតុជនរងគ្រោះ​ និងជនសង្ស័យ​ ពេលចេញពីកន្លែងផឹកស៊ីបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយក៏នាំគ្នាជិះម៉ូតូកង់បី ទៅបន្ទប់ជួលដែលខ្លួនស្នាក់នៅជាមួយគ្នា​ ពេលទៅដល់បន្ទប់ជនរងគ្រោះមិនព្រមចូលទៅក្នុងបន្ទប់ទេ ជនសង្ស័យបានចាប់អូសដៃជនរងគ្រោះ​ចូលក្នុងបន្ទប់​ ហើយបានបង្ខំជនរងគ្រោះប្រាប់លេខសម្ងាត់ក្នុងទូរសព្ទបន្ទាប់មកក៏បានផ្ទេរប្រាក់ចេញអស់ចំនួន២,០២៩បាត​ ទៅក្នុងគណនីរបស់ខ្លួន ហើយគម្រាមបង្ខំឱ្យជនរងគ្រោះដោះសម្លៀកបំពាក់ដើម្បីលេងប្រដាប់ភេទនិងយកដបទឹកសុទ្ធសូកចូលប្រដាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសហូរឈាម ។ ក្រោយមកជនសង្ស័យបានចូលបន្ទប់ទឹក ។ ដោយឱកាសល្អ ជនរងគ្រោះបានស្ទុះរត់ចេញក្រៅបន្ទប់ទាំងអាក្រាតកាយ មកដល់ក្រៅបន្ទប់មុខកាំជណ្តើរ ជនសង្ស័យ​ បានរត់មកចាប់អូសជនរងគ្រោះចូលបន្ទប់វិញ ស្របពេលនោះបានអ្នកជិតខាង​ (ជាជនជាតិថៃដូច)​ បានមកជួយជនរងគ្រោះ​ ហើយបានយកសម្លៀកបំពាក់ឱ្យជនរងគ្រោះ​ និងបាននាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃចំនួន០២ថ្ងៃ ទើបត្រលប់មកវិញ​ហើយក៏ដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មើសបានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួន​ និងសួរចម្លើយ​ជនសង្ស័យ​ បានសារ​ភាពថា​ ខ្លួនពិតជាបានធ្វើសកម្មភាពដូចដែលជនរងគ្រោះបានចោទប្រកាន់ពិតប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាព​ ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត​ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី​ ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ