បាត់ដំបង៖ នៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ វវេលាម៉ោង ១៩និង៥០នាទី ស្ថិតនៅលើផ្លូវក្រាលកៅស៊ូ នៅចំណុចមុខវត្តក្ដាំងងា ក្រុមទី១៣ ភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងផាសស្អាប់ និងអ្នករុញរទេះបណ្តាលអោយមនុស្សស្លាប់ម្នាក់។
លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ មុនពេលកើតហេតុឈ្មោះ ជឿន ហ្វាងភូ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្រុមទី១៣ ភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅម៉ោងប្រហែល ១៩និង៥០នាទី បានរុញរទេះដឹកសំរាមចេញពីផ្ទះ យកទៅចោលនៅមុខវត្តក្ដាំងងាមាត់ស្ទឹងខាងសាលាទឹក ដោយរុញរទេះពីទិសខាងលិចទៅខាងកើត ពេលរុញរទេះទៅដល់ចំណុចកើតហេតុខាងលើ ដោយគ្មានភ្លើងបំភ្លឺផ្លូវផងនោះ ស្រាប់តែមានផាសស្អាប់ ០១គ្រឿង ពណ៌ស បើកបរច្រាសទិសគ្នាពីកើតទៅទិសខាងលិច បានមកបុកចំរទេះរបស់ជនរងគ្រោះ កំពុងរុញចំកន្ទុយរទេះផ្នែកខាងឆ្វេងបណ្តាលអោយជនរងគ្រោះ បុកនិងដៃរទេះរងរបួសធ្ងន់ដួលស្លាប់និងកន្លែងកើតហេតុ ហើយអ្នកបើកបរផាសស្អាប់ ពណ៌ស ដែលមិនស្គាល់អត្តសញ្ញាណបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ឆ្ពោះទៅទិសខាងលិចបាត់ទៅ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដោយសារអ្នកបើកបរផាសស្អាប់បើកបរល្បឿនលឿន មិនបានប្រយ័ត្នទើបបណ្តាលអោយទៅបុកនិងអ្នករុញរទេះដោយគ្មានភ្លើងបំភ្លឺផ្លូវផងនោះពេញមួយទំហឹងតែម្ដង។
បច្ចុប្បន្ននគរបាលស្រុកឯកភ្នំ កំពុងស្វែងរកអ្នកបើកបរផាសស្អាប់ ដើម្បីដោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ