គរុសិស្សចំនួន១៣៦នាក់ បានប្រឡងជាប់វគ្គបណ្ដុះបណ្ដាល នឹងកា្លយជាគ្រូបឋមសិក្សាពេញសិទ្ធិ

0

គរុសិស្សគ្រូបឋមសិក្សាចំនួន១៣៦នាក់ មកពីខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ បានប្រឡងបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២ បូក ២ ជំនាន់ទី៣៩ បានជាប់ជា ស្ថាពរ(មួយរយភាគរយ) នឹងត្រូវចេញទៅបម្រើការងារតាមសាលាដែលបានជ្រើសក្នុងក្រុង ស្រុករបស់ខ្លួន ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤នេះតទៅ។

បើតាមសេចក្តីរាយការណ៍របស់លោក ឈត់ ឆៀង នាយកសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាបបានឱ្យដឹងថា គរុសិស្សទាំង១៣៦នាក់ នោះ (ស្រី១០៦នាក់) ក្នុងនោះក្របខ័ណ្ឌខេត្តសៀមរាប៩២នាក់ និងខេត្តឧត្តរមានជ័យ ៤៤នាក់។ លោកនាយក សាលាបញ្ជាក់ថា ក្រុមគ្រូបឋមសិក្សាទាំងនោះ ទទួលបានការបណ្តុះបណ្តាលតាមប្រព័ន្ធ ក្រេឌីតរយៈពេល២ឆ្នាំ។

​នៅក្នុងឱកាសនោះ លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តសៀមរាប បានសម្ដែង នូវការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួង មន្ទីរអប់រំយុវជននិងកីឡា ពិសេស គណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេសទាំងអស់នៅសាលាគរុកោសល្យនិងវិក្រឹតការខេត្ត ដែល បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្ដុះបណ្ដាលគ្រូបឋមសិក្សាជាច្រើនជំនាន់ និងជាច្រើន នាក់កន្លងមក ឱ្យទទួល បានលទ្ធផលជោគជ័យល្អប្រសើរគួរជាទីពេញចិត្ត។

​លោកស្រីអភិបាលរងខេត្តសៀមរាប បានឱ្យដឹងនៅក្នុងពិធីបិទវគ្គ ក្រោមវត្តមាន លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះថា វិស័យអប់រំ យុវជន និងកីឡាមានតួនាទី យ៉ាងសំខាន់ ក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ដោយផ្ដោតលើ ការអភិវឌ្ឍ វិស័យអប់រំ វិទ្យាសាស្រ្ត បច្ចេកទេស និងបណ្ដុះបណ្ដាលមុខជំនាញវិជ្ជាជីវៈ ពោលគឺ បន្តជំរុញ ការអភិវឌ្ឍ ធនធានមនុស្ស លើគ្រប់វិស័យប្រកបដោយគុណភាព និង មានតុល្យភាពរវាង វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការស្នេហាជាតិ មនុស្សជាតិ។

​លោកស្រីអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ ប្អូនៗគរុសិស្ស ត្រូវខិត ខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ បន្តអនុវត្តន៍ការអប់រំឌីជីថលសម្រាប់បណ្ដុះបណ្ដាល ធនធានមនុស្ស, ត្រូវប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម យកចិត្តទុកដាក់អភិវឌ្ឍបន្តលើ ចំណេះដឹងវិជ្ជាជីវៈ និងបន្តយកចិត្តទុកដាក់ណែនាំសិស្សានុសិស្សអំពីសុវត្ថិភាពចំណីអាហារ ពីការគោរពច្បាប់ចរាចរណ៍ ការចៀសផុតពីគ្រឿងញៀន ការអប់រំសីលធម៌ ចរិយាធម៌ គោរពច្បាប់ និងគោរពចាស់ព្រឺទ្ធាចារ្យ លោកគ្រូអ្នកគ្រូជាដើម៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា