ភ្នំពេញ៖ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំ ដែលបានបិទបណ្ដោះអាសន្នកន្លងមក ដើម្បីដកហូតម៉ូតូចំនួន ២៦២គ្រឿងជូនទៅ ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងមានឯកសារត្រឹមត្រូវរួចហើយ នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនទៅពួកគាត់វិញ។
ការចុះដកហូតនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលដឹកនាំដោយឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងមានការ ចូលរួមពីលោកវរសេនីយ៍ឯក បុត សត្យា ស្នងការ រងទទួលផែនព្រហ្មទណ្ឌនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ លោក លីម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។
ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានអំពាវនាវដល់ ប្រជាពលរដ្ឋផ្សេង ទៀតដែលបានបាត់ម៉ូតូ ឬបានដាក់បញ្ចាំម៉ូតូ ត្រូវមកលោះយកម៉ូតូវិញ និងបើរកម៉ូតូមិន ឃើញនោះ ត្រូវប្រញាប់មក ដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យអាជ្ញាធរបានរៀបចំធ្វើការត្រួតពិនិត្យឯកសារ និងប្រគល់ម៉ូតូជូនទៅពួកគាត់វិញ។ ឯកឧត្តម បានបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការចុះត្រួតពិនិត្យមើលទីតាំង ឃ្លាំងបញ្ចាំគឺ ធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ប៉ុន្តែដែលមានការផ្អាកមួយរយៈនេះដោយ សារតែពុំមាន កន្លែងគ្រប់គ្រាន់សម្រាប់ស្តុកម៉ូតូ។
ឯកឧត្តមអភិបាលរងបានបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការកន្លងមកកម្លាំងអាជ្ញាធរ បានដកហូតម៉ូតូបានជាង១០០០គ្រឿង។ ដូច្នេះនៅព្រឹកថ្ងៃនេះបានដកហូតម៉ូតូចំនួន២៦២ គ្រឿងពីឃ្លាំងបញ្ចាំ នៅម្តុំឃ្លាំងរំសេវបានប្រគល់ជូនប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងនៅសល់ម៉ូតូជាង ៩០០គ្រឿងបន្តទៀតនៅស្តុកក្នុងឃ្លាំងOCIC។ សូមឱ្យប្រជាពលរដ្ឋ ប្រញាប់ដាក់ ពាក្យបណ្ដឹងបន្ត ដើម្បីអាជ្ញាធរបានត្រូតពិនិត្យនិងប្រគល់ម៉ូតូជូន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា