ចាប់បានភ្លាមៗ ក្រោយធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់

0

ព្រះ​សីហ​នុ​៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា​នៅ​ល្ងាច​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ១៨ និង ៥០​នាទី នៅ​ចំណុច​ផ្លូវ​ផ្ទះ​តា​ឆេរ ស្ថិត​នៅ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ឆក់​កាបូប មួយ​កើតឡើង បង្ក​ដោយ​ជន​ស​ង្ស័​យ ០១​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ គ្មាន​ផ្លា​ក​លេខ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ប្រជាពលរដ្ឋ ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ជាមួយ​កូនស្រី បណ្តាល​ឲ្យ​ដួល​ម៉ូតូ ធ្វើ​ឲ្យ​កូនស្រី​របស់​គាត់​រង​របួស ពក​ក្បាល ផ្នែក​ថ្ងាស​មុខ​ចំហៀង​ខាងស្តាំ និង​ដាច់​រលាត់ស្បែក​នៅ​លើ​ផ្ទៃមុខ និង ផ្នែក ក ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​បាន​ដាក់​កម្លាំង​តាម​ស្វែងរក​ជន​ស​ង្ស័​យ រហូត​ដល់​វេលា​ម៉ោង ១៩ និង ០០​នាទី ក៏​ប្រទះ​ឃើញ​ជន​ស​ង្ស័​យ នៅ​ផ្លូវ​មុខ​ផ្សារ​ចិន សមត្ថកិច្ច​ក៏​ស្ទាក់​ឃាត់​ឲ្យ​ជន​ស​ង្ស័​យ​ឈប់​ម៉ូតូ តែ​ជន​ស​ង្ស័​យ​បាន​ព្យាយាម​បើក​ម៉ូតូ​រត់គេច​ខ្លួន កម្លាំង​សមត្ថកិច្ច បាន​ដេញ រហូត​ដល់​ផ្លូវ​ចំណោត​ហាង​តា​ផល​លើ​ភ្នំ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ជន​ស​ង្ស័​យ​បាន​យក​កាបូប​ដែល​ធ្វើ​សកម្មភាព​ឆក់​បាន គប់​មក​លើ​សមត្ថកិច្ច កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ដេញ​តាម​ជន​ស​ង្ស័​យ​រហូត​ដល់​ចំណុច​ផ្លូវ​ខ្សែរ​កាប​សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ទើប​ស្ទាក់​ចាប់​ឃាត់ខ្លួន​បាន​ជន​ស​ង្ស័​យ ។

ជន​ស​ង្ស័​​យ​ឈ្មោះ រើ​ន ភា​រិ​ន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ផ្លូវ​ខ្សែកាប ស្ថិត​នៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ វត្ថុ​តាង​ចាប់​យក​បាន​៖
-​ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ គ្មាន​ផ្លា​ក​លេខ (​មធ្យោបាយ​ជិះ​ប្រព្រឹត្តិ​បទល្មើស​)
-​កាបូបស្ពាយ​ចំហៀង ០១ ពណ៌​ក្រហម ដែល​ជា​ផល​នៃ​អំពើ​ចោរកម្ម នៅ​ក្នុង​កាបូប​មាន​៖
-​លុយ​អា​មេ​រិ​ក ២,២០០$ (​ពីរ​ពាន់​ពីរ​រយ​ដុល្លារ​អា​មេ​រិ​ក​)
-​លុយ​ខ្មែរ ១,០០០,០០០​រៀល (​មួយ​លាន​រៀល​)
-​ខ្សែដៃ​មាស ០១​ខ្សែ (​ទម្ងន់ ០២​ដ​ម្លឹ​ង និង ០៣​ជី​)
-​ទូរស័ព្ទ​ដៃ ០២​គ្រឿង (​ម៉ាក IPHONE 14 PRO ពណ៌​ស្វាយ និង​ម៉ាក OPPO ពណ៌​ខៀវ​) ។​

ករណី​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​បន្ត​នីតិវិធី ៕

ប្រភព៖ Huy Bunleng News