ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ៖ គោរមងារ «សម្តេច» បានផ្សារភ្ជាប់នឹងប្រពៃណីរបស់កម្ពុជាយើងតាំងពីបុរាណកាលមកម្ល៉េះ

0

ភ្នំពេញ៖ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់កាលពីយប់ ថ្ងៃទី០២ ខែកញ្ញា ថា គោរមងារ «សម្តេច» បានផ្សារភ្ជាប់ទៅនឹងប្រពៃណីរបស់កម្ពុជាយើងតាំងពីបុរាណកាលមកម្ល៉េះ ដូចគ្នានឹងគោរមងារ «ឧកញ៉ា» ផងដែរ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

១ យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១០៨ ចុះថ្ងៃទី ២កញ្ញា២០២៣ របស់ព្រះមហាក្សត្រ។ ពីអំណឹះតទៅ នឹងមានប្រពៃណីមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នោះគឺអ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន៣ នឹងទទួលបានគោរមងារជា «សម្តេច»។ តំណែងទាំង៣នោះ គឺ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្រ្តី។

២ ជាទូទៅ«សម្តេច» គឺជាគោរមងារខ្ពង់ខ្ពស់ឧត្តុង្គឧត្តមមួយនៅក្នុងបណ្តាប្រទេសដែលប្រកាន់របបរាជានិយម។ ដោយឡែក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ការៀបផ្សារភ្ជាប់គោរមងារ«សម្តេច» ទៅនឹងតំណែងកំពូលខ្ពង់ខ្ពស់ ជាការមួយសមរម្យ ដ្បិតវាស្របទៅនឹងប្រពៃណីបរមបុរាណរបស់យើង។ នៅស្រុកយើង តាំងពីបុរាណកាលមក គោរមងារមួយចំនួនសុទ្ធតែភ្ជាប់ទៅនឹងមុខតំណែងសំខាន់ៗ  ឧទាហរណ៍ដូចជា «ឧកញ៉ាចក្រី» «ឧកញ៉ាក្រឡាហោម» «ឧកញ៉ាយមរាជ»។ល។ ក្នុងន័យនេះ ការតភ្ជាប់គោរមងារ«សម្តេច»ទៅនឹងមុខតំណែង ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ឬ នាយករដ្ឋមន្ត្រី គឺជាការវិលត្រឡប់ទៅរកប្រពៃណីជាតិមួយដ៏រឹងមាំនិងដ៏គង់វង្សយូរអង្វែងនៃរបបរាជានិយមនៅកម្ពុជា។

៣ ឆ្លៀតឱកាសដ៏ល្អប្រសើរវិសេសវិសាលនេះ ខ្ញុំសូមអបអរសាទរ «សម្តេចមហាបវរធិបតី» ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា  សូមជូនពរឱ្យសម្តេចទទួលជោគជ័យ ក្នុងបេសក កម្មបម្រើជាតិ ប្រជាជន និងមាតុភូមិជាទីស្នេហានៃយើង។ ខ្ញុំក៏សូមជូនពរឱ្យសម្តេចទទួលជោគជ័យ ក្នុងការអនុវត្តនូវពាក្យសច្ចា (កាលពីថ្ងៃ០៧សីហា២០២៣)របស់សម្តេចដែលកាលណោះបានទូលថ្វាយអង្គព្រះមហាក្សត្រថា នឹងការពាររាជបល្លង្ក និងរបបរាជានិយមឱ្យនៅគង់វង្សយូរលង់តរៀងទៅ នៅកម្ពុជា៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា