ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំពង្រឹងការងារចម្បងលើបង្ការទប់ស្កាត់បទល្មើលួចឆក់ប្លន់ និងក្មេងទំនើង និងហាមមន្រ្តីនគរបាលចរាចរណ៍មិនឱ្យមានការពួនស្ទាក់ចាប់ប្រជាពលរដ្ឋ

0

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ដំបូង​ពង្រឹង​លើ​ការងារ​ចំបង​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ អំពើ​លួច ឆក់ ប្លន់​និង​ក្មេង​ទំនើង និង​ការងារ​សណ្តាប់ធ្នាប់​ចរាចរណ៍​ដោយ​ហាម​មន្ត្រី​នគរបាល​ច​រា​ណ៍​មិន​ឱ្យ​ពួនស្ទាក់​ចាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នោះ​ឡើយ ដែល​ជា​ការងារ​ចម្បង​ដែល​ឯកឧត្តម​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ថែរក្សា​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ នាំ​មក​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាព​កក់ក្តៅ និង​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៣​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។
ឯកឧត្តម ឧត្តមសេនីយ៍ទោ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ជំវិញ​ការងារ​បង្ការ​ទប់ស្កាត់​បទល្មើស​ព្រហ្មទណ្ឌ ដោយ​ជំរុញ​ឱ្យ​កងកម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ទាំង​១៤​ខណ្ឌ និង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ ត្រូវ​ពង្រឹង​យកចិត្តទុកដាក់​លើ​ការ​បង្ការ​ទប់ស្កាត់​បទល្មើស​អំពើ​លួច ឆក់​ប្លន់ និង​ក្មេង​ទំនើង ដែល​ជា​បទល្មើស​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ ឯកឧត្តម​អគ្គស្នងការ​រង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ ដែល​ទើប​ទទួល​កាន់​តំណែង​ថ្មី ឱ្យ​ជួយ​ដោះស្រាយ​ចាត់វិធានការ​បង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​។

ដោយឡែក​ជុំវិញ​កិច្ច​ការងារ​សណ្តាប់ធ្នាប់​ចរាចរណ៍​ឯនោះ​វិញ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ក៏​បាន​ណែនាំ​ដល់​លោកស្នងការ​រង​ទទួល​ផែន​ការងារ​សណ្តាប់ធ្នាប់​ចរាចរណ៍ និង​លោក​លោកស្រី​នាយការិយាល័យ​ជំនាញ​សណ្តាប់ធ្នាប់ និង​ចរាចរណ៍ លោក​លោកស្រី​អធិការរង លោក​លោកស្រី​នាយ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ នៅ​តាម​គោលដៅ​អនុវត្ត​ច្បាប់​ចរាច​ណ៍​ត្រូវ​លប់​បំបាត់​មិន​ឱ្យ​ការ​លួច​ពួនស្ទាក់​ចាប់​ឃាត់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​នោះ​ទេ ពីព្រោះ​បាតុភាព​បង្ក​ឱ្យ​ជះ​ឥទ្ធិពល​មិនល្អ​មក​លើ​កងកម្លាំង​នគរបាល​ជាតិ និង​ជា​ពិសេស​ណែនាំ​ឱ្យ​មន្ត្រី​នគរបាល​សណ្តាប់ធ្នាប់​ចរាចរណ៍​ហាម​ដាច់ខាត​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ និង​ឱ្យ​មាន​កាយវិការ​ពាក្យ​សំដី​ទន់ភ្លន់​ចំពោះ​ប្រជាពលរដ្ឋ​ហើយ​ម៉ឺងម៉ាត់​ចំពោះ​ភារកិច្ច​របស់​ខ្លួន​។

សូម​បញ្ជាក់​ថា​៖ កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​រយៈពេល​០១​ថ្ងៃ ដាច់​ដោយឡែក​ពី​គ្នា ដោយនៅ​ពេល​ព្រឹក​ឯកឧត្តម​អគ្គស្នងការ​រង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ច​ជាមួយ​លោកស្នងការ​រង​ទទួល​ការងារ​ជំនាញ​ព្រហ្មទណ្ឌ លោក​លោកស្រី នាយ​-​នាយ​រង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ លោក​លោកស្រី​អធិការរង លោកស្រី​នាយ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​។

ដោយឡែក​នៅ​ពេល​រសៀល ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​លោកស្នងការ​រង​ទទួល​ផែន​ការងារ​សណ្តាប់ធ្នាប់​ចរាចរណ៍ លោកនាយ​-​នាយ​រង​ការិយាល័យ សណ្តាប់ធ្នាប​ចរាចរណ៍ លោក​លោកស្រី​អធិការរង លោក​លោកស្រី​នាយ​ផ្នែក ទទួល​ការងារ​សណ្តាប់ធ្នាប់​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ