សៀមរាប៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ សមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តសៀមរាប មានរៀបចំការប្រកួតពានរង្វាន់ស្ត្រីឆ្នើម២០២៣ ដើម្បីលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ ក្នុងការប្រកបរបរអាជីវកម្ម ប្រកបដោយការច្នៃប្រឌិត ក្រោមវិធីសាស្ត្រនានា ក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន។
ការប្រកួតពានរង្វាន់ស្ត្រីឆ្នើមនាពេលនេះ មានការចូលរួមវាយតម្លៃ និងលើកទឹកចិត្តពីក្រសួង ស្ថាប័ន មន្ទីរ អង្គភាព សមាគមពាក់ព័ន្ធជាច្រើន ដែលបង្ហាញពីការគាំទ្រដល់សកម្មភាពចូលរួមរបស់ស្ត្រីនៅក្នុងសង្គម។
លោកស្រី ជា សុកនួន ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តសៀមរាប លើកឡើងថាកន្លងមក យើងសង្កេតឃើញថា សមាជិកនៃសមាគមសហគ្រិនស្រ្តីកម្ពុជា មានភាពវៃឆ្លាត និងមានបំណងចង់បង្ហាញនូវទេពកោសល្យរបស់ខ្លួនដល់មហាជនឱ្យបានដឹងថា ស្រ្តីក៏អាចធ្វើអ្វីៗ និងចូលរួមក្នុងសកម្មភាពនានាដូចបុរសបានដូចគ្នា។ លោកស្រី បន្តថា កន្លងមកមានមតិជាច្រើនលើកឡើងថា ស្រ្តីគ្រាន់តែជាមេផ្ទះ និងត្រូវមើលថែគ្រួសារ ប៉ុន្តែបច្ចុប្បន្ន ស្រីករត្រឹមតែជាមេផ្ទះ និងចិញ្ចឹមបីបាច់ថែកូន និងគ្រួសារប៉ុណ្ណោះទេ គឺថែមទាំងចូលរួមក្នុងក្នុងវិស័យផ្សេងៗ និងកិច្ចការសង្គមទៀតផង។ លោកស្រី ប្រធានសមាគម បន្ថែមថា ស្រ្តីគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមព្រមជាមួយនឹងការច្នៃប្រឌិតលើអាជីវកម្ម ការទំនាក់ទំនង ប្រកបដោយបរិយាបន្ន និងចីរភាព។
លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តមមានជ័យ បានបង្ហាញការគាំទ្រចំពោះកម្មវិធីប្រកួតពាន់រង្វាន់ស្ត្រីឆ្នើម២០២៣នាពេលនេះ ដោយលោកលើកឡើងថា ការប្រកួតប្រជែងរបស់បេក្ខនារីទាំង ១២រូប បានបញ្ចេញនូវទេពកោសល្យជាស្ត្រីវ័យឆ្លាត ក្នុងការបង្កើត និងគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ជាមួយនឹងផលិតផល ឬសេវាថ្មីៗប្លែកៗពីគ្នា និងអាចឈរនៅលើទីផ្សារបានយូរអង្វែងផងដែរ។
គួរជម្រាបថា សហគ្រិនស្រ្តី ដែលជាបេក្ខភាពចូលរួមប្រកួតប្រជែង និងជាម្ចាស់អាជីវកម្មទាំង១២រូបនេះ មកពីខេត្តសៀមរាប និងខេត្តបាត់ដំបង។ ចំពោះដំណើរការប្រកួត ពួកគេត្រូវធ្វើបទបង្ហាញរយ:ពេល ៨នាទី លើគំនិតផ្ដួចផ្ដើម និងយុទ្ធសាស្ត្រអាជីវកម្ម ការច្នៃប្រឌិតអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ លទ្ធផល ដែលផ្ដល់ដល់សង្គម ទំនាក់ទំនងរវាងអាជីវកម្ម និងគ្រួសារ ព្រមទាំងមានការសាកសួរ និងឆ្លើយសំណួរទៅកាន់បេក្ខនារីម្នាក់ៗ រយ:ពេល ១០នាទី ក្នុងការដឹកនាំ និងគ្រប់គ្រងអាជីវកម្ម និងដំណោះស្រាយបញ្ហាទៅលើអាជីវកម្មផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន