ក្លិបអ្នកកាសែតកម្ពុជា ប្រកាសពីការរៀបចំការប្រកួតប្រជែងរកអ្នកថតរូបជើងឯកឆ្នាំ២០២៣

0

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានប្រកាសរៀបចំការប្រកួតប្រជែងរូបថត ក្រោមប្រធានបទ “សម្រស់សហគមន៍យើង” ឬជាភាសាអង់គ្លេស “Promote the beauty of our community” ដើម្បីរួមចំណែកដល់វិស័យទេសចរណ៍ និងការថែរក្សាបរិស្ថានល្អ តាមរយៈការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសអំពីសម្រស់ធម្មជាតិរបស់កម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ ក.អ.ក ដែលចេញផ្សាយនារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នេះគឺជាលើកទី១ហើយដែល ក.អ.ក បង្កើតកម្មវិធីប្រកួតប្រជែងរកជើងឯកផ្នែកថតរូបនេះ នៅក្នុងយុគសម័យឌីជីថល ដែលផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកថតរូបគ្រប់ទម្រង់នៅកម្ពុជាអាចបញ្ចេញស្នាដៃរូបថតផ្ទាល់ខ្លួន ដើម្បីដណ្តើមពានរង្វាន់ទឹកប្រាក់រហូតដល់ ៣ លានរៀល សម្រាប់ជ័យលាភីលេខ១ និងពានជើងឯក។

ការប្រកួតប្រជែងនេះ គឺជាគំនិតផ្តួចផ្តើមរបស់ក្លិបអ្នកកាសែតកម្ពុជា និងដោយមានកិច្ចសហការគាំទ្រពីក្រុមហ៊ុន CP ALL (Cambodia) Co., Ltd. និងពីស្ថាប័នរដ្ឋចំនួនបីក្នុងអណត្តិរាជរដ្ឋាភិបាលថ្មីឆ្នាំ ២០២៣៖ ក្រសួងទេសចរណ៍ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

តាមលក្ខខណ្ឌនៃការចូលរួមប្រកួត រូបថតដែលយកមកប្រកួតប្រជែងជាស្នាដៃផ្ទាល់របស់បេក្ខជនដោយមិនមានការកែច្នៃ ឬការរៀបចំឈុតឆាកថត ហើយជារូបភាពដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ តំបន់រមណីយដ្ឋានទេសចរណ៍ អេកូទេសចរណ៍ ឬក៏បង្ហាញពីបរិស្ថានស្អាត តំបន់ជីវចម្រុះ រួមទាំងតំបន់អភិវឌ្ឍជាដើម។

ទន្ទឹមនឹងនេះ ដោយសារបច្ចេកវិទ្យាបច្ចុប្បន្នកាន់តែទំនើប ដូចនេះការប្រើប្រាស់ដ្រូនដើម្បីថតយករូបភាពពេញស្អាត ត្រូវបានអនុញ្ញាត ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចូលរួមក្នុងការវាយតម្លៃលើបច្ចេកវិទ្យានេះដើម្បីចៀសវាងការកែច្នៃពីរូបភាពដើម។

ចំពោះរង្វាន់វិញ នឹងផ្តល់ជូនដល់ជ័យលាភីពីលេខ១ ដល់លេខ៥ ជាថវិកាផង និងជាពានផងនៅពាក់កណ្តាលខែតុលាខាងមុខនេះ។ រូបថតរាប់រយសន្លឹកនឹងត្រូវដាក់តាំងនៅឯពិធីប្រគល់រង្វាន់ បន្ទាប់មកនឹងយកទៅផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស។

ទាំងស្ថាប័នរដ្ឋ និងឯកជន ត្រូវបានស្វាគមន៍ក្នុងការចូលរួមក្នុងការប្រកួតប្រជែងរកជើងឯកផ្នែកថតរូបនេះ ដើម្បីជំរុញដល់ការបង្ហាញរូបភាពដ៏អស្ចារ្យ និងល្អៗពីប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទ និងតេទ្បេក្រាមលេខ៖ ០១២ ៨៩ ៥៨ ៥៣/០១៧ ៣៩៧២ ៩៤/០៧៧ ៤៨ ០១ ៧១៕

ប្រភព៖ ក្រសួងព័ត៌មាន