ថៃ៖ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រោមការដឹកនាំដោយ ឯកឧត្ដម វ៉ាត់ ចំរេីន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជេីញចូលរួមកិច្ចប្រជុំ កិច្ចប្រជុំឧត្តមមន្ត្រីកីឡា-រដ្ឋមន្ត្រីកីឡាអាស៊ាន និងកិច្ចប្រជុំជាដៃគូរវាងអាស៊ាន-ចិន-ជប៉ុន នៅទីក្រុងឈៀងមៃ ប្រទេសថៃ។
តាមរយៈកិច្ចប្រជុំនេះ រដ្ឋមន្ត្រីកីឡាអាស៊ានបានសម្រេចចេញសេចក្តីប្រកាសរួមផ្តោតលេីការពង្រឹងកិច្ចសហប្រតិបត្តិការណ៍លេីវិស័យអប់រំកាយ និងកីឡា ក្នុងរដ្ឋជាសមាជិកអាស៊ានដូចតទៅ៖
– ផែនការសកម្មភាពកីឡាអាស៊ាន ២០១២-២០២៥ត្រូវបានរដ្ឋសមាជិកអនុវត្តបាន៦០% លេីការជំរុញសកម្មភាពអប់រំកាយ និងកីឡាដល់សហគមន៍ និងតាមគ្រឹះស្ថានអប់រំ ។
⁃ អាស៊ានបេ្តជ្ញាខិតខំសហការលេីការប្រយុទ្ធប្រឆាំងសារធាតុលេីកកម្លាំងក្នុងកីឡា Doping ដោយពង្រឹងការគោរព និងអនុវត្តច្បាប់ប្រឆាំងសារធាតុ Doping ដេីម្បីផ្តល់គុណតម្លៃលេីភាពស្អាតស្អំ និងយុត្តិធម៌ក្នុងសកម្មភាពកីឡា។
⁃ អាស៊ានឱ្យតម្លៃលេីការរួមគ្នាអភិរក្ស និងអភិវឌ្ឍកីឡាប្រពៃណី និងអត្តសញ្ញាណជាតិនីមួយៗ ដោយសហការជាមួយអង្គការ UNESCO ក្នុងនោះកម្ពុជាក៏បានសន្យាបន្តរៀបចំសកម្មភាពកីឡា ប្រណាំងទូកប្រពៃណី កីឡាគុនខ្មែរ និងកីឡាគុនល្បុក្កតោ ឱ្យសកម្មបន្ថែមទៀត។
⁃ អាស៊ានលេីកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពកីឡា ដោយគោរពគោលការណ៍ សមភាពយេនឌ័រ។
⁃ អាស៊ាន ខិតខំបន្តរៀបចំកំណត់ស្តង់ដាអាំងឌីកាទ័រអប់រំកាយអាស៊ាន ដេីម្បីផ្តល់សុខុមាលភាពដល់ប្រជាជាតិអាស៊ាន។
⁃ អាស៊ានបន្តជំរុញការរៀបចំមជ្ឈមណ្ឌលឧត្តមភាពកីឡាអាស៊ាន ដេីម្បីជួយបណ្តុះបណ្តាលកីឡាកម្រិតខ្ពស់តាមបរិបទវិទ្យាសាស្ត្រកីឡាបច្ចុប្បន្ន។
⁃ អាស៊ានខិតខំជំរុញ និងសិក្សាស្រាវជ្រាវបន្ថែមលេីការរៀបចំលក្ខណៈសម្បត្តិដេញថ្លៃ FIFA World Cup 2034 ដោយប្រេីយន្តការក្រុមការងារបច្ចេកទេសរបស់អាស៊ានដែលបានបង្កេីតរួចហេីយ និងបន្តរៀបចំអនុស្សារណៈរវាងអាស៊ាន និង FIFA ឡេីងវិញ។
កិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន និង រដ្ឋមន្ត្រីអប់រំ វប្បធម៌ កីឡា វិទ្យាស្រាស្ត និងបច្ចេកវិទ្យាជប៉ុន ត្រូវបានរៀបចំឡេីងដោយផ្តោតលេីកិច្ចសហការជាដៃគូ ផ្អែកលេីផែនការនៃកិច្ចសហការកីឡា ASEAN-Japan Sports cooperation framework 2030 ដែលរួមមានការអភិវឌ្ឍ សកម្មភាពអប់រំកាយ និងកីឡាដោយបណ្តុះបណ្តាលគ្រូអប់រំកាយ ការលេីកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងកីឡា ការអភិវឌ្ឍកីឡាជនភាពពិការភាព ការប្រឆាំងការប្រេីសារធាតុលេីកកម្លាំង Doping ក្នុងកីឡា។
កិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន និងអនុរដ្ឋមន្ត្រីរដ្ឋបាលកីឡាចិន និងជាអនុប្រធានអូឡាំពិកចិន ផ្តោតលេីកិច្ចសហការភាពជាដៃគូ លេីវិស័យអប់រំកាយ និងកីឡា ឈរលេី “យុទ្ធសាស្ត្រភាពជាដៃគូអាស៊ាន ចិន ដេីម្បីសន្តិភាព និងការអភិវឌ្ឍ” ។
កម្ពុជាទទួលបានអត្ថប្រយោជន៍ពីកិច្ចប្រជុំដូចជា៖
-បណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ និងប្រទេសសង្កេតការណ៍ទីម័រលេសតេ បានថ្លែងសារអរគុណ កោតសរសេីរកម្ពុជាបានរៀបចំព្រឹត្តិការណ៍ SEA Games – ASEAN Para Games ប្រកបជោគជ័យដ៏ត្រចះត្រចង់ ដែលរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពកីឡាអាស៊ាន ២០២១-២០២៥ បានដោយជោគជ័យ។
⁃ អង្គប្រជុំលេីកឡេីងពីពហុកីឡដ្ឋានជាតិមរតកតេជោ មានស្តង់ដារខ្ពស់ទំនេីបល្អ អាចជាសក្ខីកម្មជាវិជ្ជមានសម្រាប់ការដាក់ដេញថ្លៃ FIFA World Cup 2034 បាន។
⁃ កម្ពុជាបានបង្ហាញដល់អង្គប្រជុំ និងប្រទេសសមាជិកអាស៊ាន ពីការទទួលបានអត្ថប្រយោជន៍ក្នុងវិស័យអប់រំកាយ និងកីឡា ពីដៃគូសហប្រតិបត្តិការ ចិន និងជប៉ុនជាច្រេីន។
⁃ កម្ពុជាត្រូវបានអង្គប្រជុំ និងលេខាធិការដ្ឋានអាស៊ាន បានឯកភាពផ្តល់សិទ្ធរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីកីឡា និងរដ្ឋមន្ត្រីកីឡាអាស៊ាន បូកចិន ជប៉ុន ប្រចាំឆ្នាំ ២០២៦- ២០២៧៕
ប្រភព៖ MoEYS Cambodia