នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋ និងក្រោមការណែនាំរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. សាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តស្វាយរៀង បានបន្តអនុវត្តតួនាទីរបស់ខ្លួនក្នុងការត្រួតពិនិត្យគុណភាពទំនិញ ជាពិសេសទំនិញឧបភោគបរិភោគ ដែលចរាចរនៅលើទីផ្សារ។
ជាក់ស្តែងក្នុងបេសកកម្មនេះ មន្ត្រីយើងទាំងបីសាខាបាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងដកយកសំណាកគំរូម្ហូបអាហារសរុបបានចំនួន ៥១គំរូ ក្នុងនោះរួមមាន បន្លែ ផ្លែឈើ សាច់បង្កក គ្រឿងសមុទ្រ ត្រីងៀត សរសៃគុយទាវ ។ល។ យកមកត្រួតពិនិត្យបឋម ដើម្បីស្វែងរកឬការពារក្រែងមានការដាក់សារធាតុផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ឬផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។
ជាលទ្ធផល ពុំបានរកឃើញមានសារធាតុគីមីហាមឃាត់លើសំណាកគំរូទាំងនោះទេ ដោយឡែក មន្ត្រីយើងបានរកឃើញ បង្គា មានចាក់ចាហួយ(CMC) ចំនួន១០៧ គីឡូក្រាម និងនំខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៨.៥គីឡូក្រាម និងបានចាត់វិធានការតាមនីតិវិធី៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ