រដ្ឋបាលរាជធានីភ្នំពេញត្រៀមស្នើគម្រោងធំកញ្ចប់តែមួយ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង បានយូរអង្វែង

0

ភ្នំពេញ៖ ការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញអាចនឹងធ្វើឡើង ជាកញ្ចប់តែមួយ ដោយបង្កើតជាគម្រោងធំមួយ ស្នើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង បានយូរអង្វែង។

នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជា​ទីប្រឹក្សា​ផ្ទាល់​ ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈឯកឧត្ដមអញ្ជើញជា អធិបតី ក្នុងកិច្ចប្រជុំសិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុសកល នាសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការអញ្ជើញអ្នកជំនាញអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ មកប្រជុំពិភាក្សានៅពេលនេះ គឺដើម្បីរៀបចំផែនការបន្ត លើការដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងឲ្យបានយូរ អង្វែង ។

ឯកឧត្ដម ឃួង ស្រេង បានជំរុញឲ្យធ្វើកិច្ចការងារនេះជាកញ្ចប់តែមួយ ដែលវានឹងអាចដោះស្រាយការលិចលង់នេះ បាន ពី១៥ទៅ២០ឆ្នាំ ។ ពាក់ព័ន្ធនឹងការងារនេះ រាជរដ្ឋាភិបាល ក៏នឹងពិនិត្យបញ្ហាលិចលង់ នៅសណ្ដស្ទឹងព្រែកត្នោតផងដែរ ដើម្បីរកមធ្យោបាយដោះស្រាយឱ្យបានល្អ ចៀសវាងការលិចដោយជំនន់ទឹកភ្លៀង ព្រោះថា បើលិចរោងចក្រ សហគ្រាសនោះ វានឹងខាតបង់ធ្ងន់ធ្ងរណាស់ នេះជាបញ្ហាដែលទាមទារឱ្យយើងត្រូវរួមគ្នាដោះស្រាយឱ្យបានល្អ ។

ឯកឧត្ដមបញ្ជាក់ថា ក្រោយកិច្ចប្រជុំ រកធាតុចូលបានគ្រប់ជ្រុងជ្រោយហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងអាចរៀបចំ ជាគម្រោងធំមួយ ផ្ញើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់នេះឱ្យបានល្អ ដែលអាចកាត់បន្ថយ ការលិចលង់បានពី១៥ទៅ២០ឆ្នាំ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថា៖ សម្រាប់រាជធានីភ្នំពេញ យើងបានធ្វើការងារច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងដោយគិតមកដល់ពេលនេះ យើងស្ថាបនាប្រព័ន្ធលូបានជាង៩២៤គីឡូម៉ែត្រ យើងនឹងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត ។ ជាមួយគ្នានេះយើងបាន ដោះស្រាយបញ្ហាលិចលង់នេះ បាន៣២កន្លែងរួចហើយ ហើយនៅពេលថ្មីនេះទៀត យើងដោះស្រាយបាន៧កន្លែងថ្មី ទៀតផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន