ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រកាសព្រមានដកតួនាទីមន្ត្រីណាដែលពាក់ព័ន្ធនឹងគ្រឿងញៀននិងបំបាត់វប្បធម៌អន្តរាគមន៍គ្រប់ប្រភេទ។ ការប្រកាសឯកឧត្តមអភិសន្តិបណ្ឌិតបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា៖ «ការងារនេះ ខ្ញុំនឹង ការងារនេះមិនចូលជ្រៅទេ ប៉ុន្តែចំពោះការងារពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន កន្លងមកមានស្នងការរងម្នាក់បានបន្លំឯកសារ ដោយអន្តរាគមន៍ដល់សម្តេចក្រឡាហោម ពេលនោះនីតិកាលទី៦ ប៉ុន្តែឥឡូវនេះ នីតិកាលទី៧ យើងលុបបាត់ចោល»។ ឯកឧត្តមអភិសន្តិបណ្ឌិតបានលើកឡើងថា អាណត្តិទី៧នេះ ចំពោះអ្នកដែលមានតួនាទីជាកងកម្លាំងប្រដាប់អាវុធ បើមានការស្រាវជ្រាវឃើញពាក់ព័ន្ធនឹងការជួញដូរគ្រឿង ឯកឧត្ដមគិតថាពួកគាត់មិនគួរនៅជាមួយពួកយើងទៀតទេ។ ឯកឧត្តមអភិសន្តិបណ្ឌិតអះអាងថា មន្ត្រីដែលពាក់ព័ន្ធគ្រឿងញៀននោះបើទុកទៅមិនដឹងមានប្រយោជន៍អ្វីទៀតទេ ព្រោះថាគាត់ម្នាក់នឹងមិនដឹងបានធ្វើប៉ុន្មានឆ្នាំហើយ និងអ្នកដែលកើតទុក្ខដោយសារគាត់រាប់ពាន់នាក់។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ក្រៅពីការអន្តរាគមន៍ចំពោះគ្រឿងញៀនក៏មានការលុបំបាត់ចំពោះការអន្តរាគមន៍ករណីផ្សេងៗទៀតផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានបន្ថែមថា នឹងលុបបំបាត់ចំពោះការទាក់ទាញអន្តរាគមន៍ណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ ដែលជាចំណុចមួយសំខាន់ណាស់ ។ ឯកឧត្ដមបានកត់សម្គាល់ឃើញថា កន្លងមកនេះ មានករណីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមួយចំនួនបានដឹកនាំកម្លាំងរបស់ខ្លួនទៅការពារវិស័យឯកជនដែលមានជម្លោះ ឬមួយចំនួនទៀតបានដឹកនាំកម្លាំងទាំងស៊ីវិល ឬផ្នែកកងកម្លាំងនគបាលទៅការពារដីទាំងនោះដែលទាំងនោះមិនមានជាប្រយោជន៍រួម។ ឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់បន្ថែមថា៖ «ចំណុចនេះ ខ្ញុំគួរថាត្រូវលុបបំបាត់ និងពិនិត្យដាក់ទោសទណ្ឌ ចំពោះបុគ្គលនោះ ព្រោះមិនអាចយកកំលាំងទៅប្រើប្រាស់ទៅលើការងារបុគ្គលបានទេ»។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងបញ្ជាក់ថា ការធ្វើបែបនេះនឹងធ្វើឱ្យមានយុត្តិធម៌ក្នុងសង្គមផងដែរ ហើយយុត្តិធម៌សង្គមនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីអាណត្តិទី៧នេះតទៅ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃក៏បានលើកឡើងទៀតថា យុត្តិធម៌សង្គមមិនមែ នទាល់តែការធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនោះទេ គឺត្រូវចាប់ផ្តើមចេញពីខ្លួនយើង ដូច្នេះហើយបានជាខ្ញុំទោសចំពោះឯកឧត្តម ថ្នាក់ដឹកនាំបណ្តាក្រសួងផ្សេងៗ ពិសេសក្នុងក្រសួងមហាផ្ទៃ ក្នុងការផ្ទេរមន្ត្រីមកចូលក្នុងក្រសួង ឬផ្ទេរចេញ ឬផ្ទេរទៅតាមបណ្តាអគ្គនាយកដ្ឋាននានា ឬមួយតែងតាំងនៅអគ្គនាយកដ្ឋានផ្សេងទៀត។
ឯកឧត្តមអភិសន្តិបណ្ឌិតបានអះអាងបន្ថែមថា នឹងធ្វើការជាមួយបណ្តា អគ្គនាយកដ្ឋាននានាដើម្បីធ្វើការឈ្វេងយល់បន្ថែមដូច្នេះការផ្អាកផ្ទេរតួនាទីត្រូវផ្អាកជាបណ្តោះអាសន្នការធ្វើបែបនេះដើម្បីឱ្យអ្នកថ្មី មានភាពរឹងមាំផ្លូវចិត្តក្នុងការរៀបចំរចនាសម្ព័ន្ធខ្លួនដែលគិតថាអាចធ្វើបាន។ ឯកឧត្តមអភិសន្តិបណ្ឌិតរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «បើយើងគិតតែធ្វើការផ្ទេរតួនាទីចុះឡើងនោះ ការបែងចែងតួនាទីភារកិច្ចមិនចប់នោះទេ។ អីចឹង យើងត្រូវបញ្ចប់ ទើបគាត់មានការទទួលខុសត្រូវចំពោះមុខ រាជរដ្ឋាភិបាល ពិសេសនោះរដ្ឋមន្ត្រីក្រសួងរបស់ខ្លួន»៕
ប្រភព៖ ក្រសួងព័ត៌មាន