Home សង្គម ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យស្តីពី ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាថ្មី

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យស្តីពី ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាថ្មី

0

ភ្នំពេញ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យឱ្យរៀបចំជាថ្មីបន្តទៀត។

យោងទៅតាមព្រះរាជក្រឹត្យ ដែលបានឡាយព្រហស្ថលេខា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ហើយដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទើបតែទទួលបាន នៅព្រឹកមិញនេះ បានបញ្ជាក់ថា ការរៀបចំ និងការប្រពឹត្តទៅ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នេះគឺនៅក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិត ជាប្រយោជន៍ដល់ការស្ថាបនាជាតិ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ នឹងមានសមាសភាពពីគណបក្សនយោបាយទាំងឡាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា ព្រមទាំងគណបក្សនយោបាយផ្សេងទៀត ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ជាធរមាន។ ប្រភពដដែលបានបញ្ជាក់ថា គណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ទទួលបានបុព្វសិទ្ធិជាគណបក្សស្ថាបនិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងលក្ខខណ្ឌដែលគណបក្សនយោបាយនោះ ដាក់ពាក្យស្នើសុំជាផ្លូវការក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីការចូលជាធរមាននៃព្រះរាជក្រឹត្យនេះ និងទទួលបានការសម្រេចយល់ព្រមពីនាយករដ្ឋមន្រ្តីសម្រាប់ការតែងតាំងជាសមាសភាពដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ប្រភពដដែលបានបញ្ជាក់យ៉ាងច្បាស់ទៀតថា ក្រៅពីគណបក្សស្ថាបនិក គណបក្សនយោបាយផ្សេងទៀត រួមទាំងគណបក្សដែលមិនបានចូលរួមការបោះឆ្នោតនេះ ប៉ុន្តែបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ក៏អាចស្នើសុំចូលរួមជាសមាជិកផងដែរ ដោយត្រូវដាក់ពាក្យស្នើសុំជាផ្លូវការ និងត្រូវមានការសម្រេចយល់ព្រមពីនាយករដ្ឋមន្រ្តី។

ព្រះរាជក្រឹត្យបានសង្កត់ធ្ងន់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលបំណងលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។ គួររំលឹកថា ក្រោយការបោះឆ្នោតជាតិនីតិកាលទី៦ នៅឆ្នាំ២០១៨ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Previous articleសមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងចំនួន ២២នាក់ ករណីលេងល្បែងស៊ីសងដោយខុសច្បាប់ និងបង្កទំនាស់ឈ្លោះប្រកែកគ្នា
Next articleរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសលុបបំបាត់វប្បធម៌អន្តរាគមន៍គ្រប់ប្រភេទ និង ព្រមានដក​មន្ត្រី​ពាក់ព័ន្ធនឹងគ្រឿងញៀនចេញពីតួនាទី