ភ្នំពេញ៖ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ គណនីហ្វេសប៊ុកមួយឈ្មោះ Nhang Maly បានបង្ហោះសារយ៉ាងរំជួលចិត្តមួយ ដោយក្នុងសារនោះបានឱ្យដឹងថា មានករណីចោរបានធ្វើសកម្មភាពចូលគាស់ផ្ទះលួចឡាន ត្រង់ចំណុចភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ២ ទៀបភ្លឺ ឈានចូលថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣។
តាមការឱ្យដឹងពីជនរងគ្រោះដែលបានបាត់រថយន្ត បានឱ្យដឹងថា រថយន្តដែលត្រូវបានចោរលួចនោះ គឺម៉ាក Starex ពណ៌ស ពាក់ស្លាកលេខសៀមរាប 2C 0060។ តាមដំណើររឿង ជនរងគ្រោះបានរៀបរាប់ថា នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ ជនរងគ្រោះបានជិះរថយន្តមកផ្ទះ ហើយចតនៅចំណុចលើផ្លូវបេតុង ផ្ទះលេខ P១១ បុរី PRS ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រួចហើយក៏ដកសោរថយន្តទៅទុកនៅលើបង្កាន់ដៃជណ្ដើរក្នុងផ្ទះ និង បានចូលសម្រាកក្នុងផ្ទះ។ លុះរហូតដល់ម៉ោង ៦ និង ០០ នាទី ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ ពេលខ្លួនបានចេញពីផ្ទះវិញ គឺមិនឃើញរថយន្តដែលចតនោះឡើយ ក៏ផ្អើលឆោឡោឡើងហើយបានចូលទៅមើលក្នុងផ្ទះ ទើបឃើញស្នាមគាស់កញ្ចក់ទ្វារក្រោយ និង បាត់សោរថយន្តដែលទុកនោះ។ ពេលទៅឆែកកាមេរ៉ាសុវត្ថិភាព ទើបបានឃើញមានចោរគាស់ចូលលួច។
យ៉ាងណាមិញ ក្រោយជួបរឿងហេតុនេះ ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ច និង ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកាផងដែរ ខណៈគិតត្រឹមថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ នេះ ពុំទាន់រកឃើញអត្តសញ្ញានជនសង្ស័យជាចោរថ្លើមធំនោះឡើយ។
ជាមួយគ្នានេះដែរ ម្ចាស់រថយន្តក៏បានអំពាវនាវដល់សមត្ថកិច្ចដើម្បីតាមវែកមុខជនសង្ស័យជាចោរនោះបានឆាប់រហ័ស និង បានសូមអំពាវនាវដល់មហាជនថែមទៀត បើសិនបានឃើញភិនភាគរថយន្តដូចខាងលើនេះ និង ចោរដែលមានដូចក្នុងរូប សូមទាក់ទងទៅសមត្ថកិច្ច ឬ ទាក់ទងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Nhang Maly៕ សូមចុចទីនេះ ទស្សនាវីដេអូដែលចោរធ្វើសកម្មភាពលួច
សូមអានលម្អិតក្នុងពាក្យបណ្តឹងខាងក្រោម ៖