ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចក្របីញី ១ក្បាល

0

ពោធិ៍សាត់៖  កាលពីថ្ងៃអាទិត្យ៨កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក .ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១និង១៥នាទីអធ្រាត មានករណីលួចសត្វក្របីញីចំនួន១ក្បាល កើតហេតុនៅចំណុចព្រៃព្រិច ស្ថិតនៅភូមិស្បូវរីក ឃុំលាចស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បង្កឡើងដោយជនសង្ស័យឈ្មោះ វុធ សាណុក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៦និង១៥នាទីល្ងាច ជនសង្ស័យឈ្មោះ វុធ សាណុក បានទៅផ្ទះរបស់ ជនរងគ្រោះឈ្មោះ  ភិន គៀប ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ហើយបានឲ្យជនរងគ្រោះជួយទៅរកខ្ចីលុយគេយកមកឲ្យខ្លួនចំនួន២០០០ ០០០រៀល(ពីរលានរៀល)លឺដូចនេះជនរងគ្រោះក៏បានឆ្លើយបដិសេធថា មិនហ៊ានទៅខ្ចីលុយគេនោះទេ បន្ទាប់ជនសង្ស័យក៏បានសួរជនរងគ្រោះទៀតថា តើឯងមានក្របីប៉ុន្មានក្បាល ជនរងគ្រោះក៏ឆ្លើយថាមានក្របីចំនួន៤ក្បាល  ក្រោយពីសួររួចជនសង្ស័យបានដើរចេញពីផ្ទះរបស់ឈ្មោះ ភិនគៀប ទៅផ្ទះរបស់ខ្លួនតែម្ដង។

លុះដល់វេលាម៉ោង១និង ១៥នាទីអធ្រាត ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យក៏បានទៅលួចសត្វក្របីញីចំនួន០១ក្បាល របស់ជនរងគ្រោះ ដែលផ្ញើទុកនៅក្រោលគោតាឈ្មោះ អ៊ុំ ណេត (ត្រូវជាតារបស់ជនសង្ស័យភេទប្រុសអាយុ៥៧ឆ្នាំ នៅចំណុចព្រៃព្រិច ស្ថិតនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ក្រោយពីលួចបានហើយជនសង្ស័យបានដឹកក្របីញីចំនួន០១ក្បាលនោះទៅចងនឹងបង្គោលរបងឈើវាលស្រែខាងក្រោយផ្ទះរបស់ឈ្មោះ សុខ ស៊ីណេត ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ក្រោយពីចងទុករួច ជនសង្ស័យបានដើរទៅដេកនៅផ្ទះវិញ។

រហូតដល់វេលាម៉ោងប្រហែល៥ និង៤៥នាទីព្រឹកថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានដើរទៅផ្ទះរបស់ឈ្មោះ សុខ ស៊ីណេត រួចសួរគាត់ថា តើមានពីណាគេទិញក្របីឬអត់ ឈ្មោះ សុខ ស៊ីណេត ឆ្លើយថានៅទីនេះអត់មានអ្នកទិញក្របីទេ រួចក៏ឲ្យលេខទូរស័ព្ទឈ្មួញអ្នកទិញក្របី ទៅឲ្យជនសង្ស័យ ក្រោយពីជនសង្ស័យបានលេខទូរស័ព្ទឈ្មួញអ្នកទិញក្របីរួច ក៏បានដើរចេញពីផ្ទះរបស់ឈ្មោះ សុខស៊ីណេត ត្រឡប់មកផ្ទះរបស់ខ្លួនរួចយកទូរស័ព្ទតេទៅឈ្មួញអ្នកទិញសត្វក្របីមិនស្គាល់ឈ្មោះ នឹងមិនដឹងថារស់នៅឯណា ក្រោយពីនិយាយទូរស័ព្ទជាមួយអ្នកទិញក្របីរួច ជនសង្ស័យបានដើរមកដឹកក្របីដែលខ្លួនលួចបានលាក់ទុកវាលស្រែខាងក្រោយផ្ទះរបស់ឈ្មោះ សុខ ស៊ីណេត ពេលទៅដល់ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចាប់ខ្លួនតែម្ដង។

ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ