ភ្នំពេញ៖ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាល និងចង្អុលដឹកនាំបញ្ជាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
កិច្ចប្រតិបត្ដិការស៊ើបអង្កេតស្រាវជ្រាវ ករណីឃាតកម្ម កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង ០៩និង០០នាទី ប្រទះឃើញសាកសព នៅចំណុចមាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ខេង ម៉េឈាង និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន សហការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ, ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយសម្របសម្រួលនីតិវិធីរបស់លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជនសង្ស័យចំនួន០៤នាក់ រួមមាន៖
-ទី១៖ ឈ្មោះ DAI MINGXING ហៅ QI SHI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-ទី២៖ ឈ្មោះ HONG QI ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-ទី៣៖ ឈ្មោះ ZHANG XI YUAN ហៅ XIAO BAI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-ទី៤៖ ឈ្មោះ LI CHEN ហៅ BING អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារព្រីន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ YI MING DALI ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន៖ វ៉ាលី ពណ៌ខ្មៅ មានកង់រុញចំនួន៤ ម៉ាក AF American Flyer ចំនួន០១, វ៉ាលី ពណ៌ខ្មៅ មានកង់រុញចំនួន៤ ចំនួន០១ មានសម្លៀកបំពាក់ប្រឡាក់ឈាម, ស្កុតរុំមុខសព បិទជិត (ខាងក្នុងស្កុតមានម៉ាស ពណ៌ផ្ទៃមេឃ បិទលើភ្នែកទាំងសង្ខាង ជាន់ទី២នឹងមានថង់ផ្លាស្ទិចពណ៌ស បត់៤ជ្រុង មានអក្សរ Facebook SuSu Shop/SuSu Nguyen trai និងក្នុងមាត់ មានញាត់ក្រណាត់ជំរៀកខោទ្រនាប់ ពណ៌ប្រផេះ ម៉ាក Nanjiren។
សភាពរឿងហេតុនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង០០នាទី មានប្រជាពលរដ្ឋ ដែលជាអ្នកនេសាទនៅតាមដងទន្លេសាប បានប្រទះឃើញ វ៉ាលី ពណ៌ខ្មៅ ចំនួន០២ នៅក្បែរមាត់ច្រាំងទន្លេសាប នឹងបានរ៉ូតវ៉ាលី ដើម្បីមើលក៏ប្រទះឃើញសាកសព មានក្លិនស្អុយ និងមានស្កុតរុំមុខជិត នៅចំណុច មាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
ផ្អែកតាមការស៊ើបអង្កេតស្រាវជ្រាវ ត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ឈានទៅកំណត់អត្ដសញ្ញាណជនសង្ស័យក្នុងអំពើនេះ ជនរងគ្រោះឈ្មោះ YI MING DALI ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែង ក្នុងអគារជាន់ទី៣ បន្ទប់៣C (៣៣២-៣៣៣) ស្ថិតនៅភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានក្រុមជនសង្ស័យធ្វើទារុណកម្ម នៅបន្ទប់លេខ១០៤ ជាន់ទី១ និងបន្ទប់លេខ៣០២ ជាន់ទី៣ ហើយបានដឹកជនរងគ្រោះចេញទៅ។
នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានត្រួតពិនិត្យ និងកោសល្យវិច័យ នៅបន្ទប់លេខ១០៤ ជាន់ទី១ មានស្លាកស្នាមប្រឡាក់ ចំនួន០២កន្លែង ក្រោមជើងវាំងនន និងបន្ទប់លេខ៣០២ ជាន់ទី៣ មានស្លាកស្នាមប្រឡាក់ជាប់នឹងជើងគ្រែ រួចមន្រ្តីជំនាញបានធ្វើតេស្ត (BULESTAR) លើសំណាកឃើញថា ពិតជាឈាមមនុស្ស (វិជ្ជមាន) ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ