ត្បូងឃ្មុំ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង៣០នាទី ក្រោយពីទទួលបានពាក្យបណ្តឹង លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជារភ្លាមៗទៅ លោកវរសេនីយ៍ឯក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក ដឹកនាំមន្ត្រីជំនាញ ចុះស្រាវជ្រាវ ករណីបាត់រថយន្ត ០១គ្រឿង ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែក បានទទួលបណ្តឹងផ្ទាល់មាត់ពីឈ្មោះ កែវ វីរៈបុត្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅនៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ថាមានករណី បាត់រថយន្ត ចំនួន០១គ្រឿង ម៉ាក លីប្រូ ពណ៌ស ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 2A-0812 នៅត្រង់ចំណុចក្រោយផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិ-ឃុំខាងលើ ។
ក្រោយទទួលបាន បណ្តឹងភ្លាម សមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ជាបន្តបន្ទាប់ និងកំណត់បានមុខសញ្ញាឈ្មោះ ភេម វុធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមនោប៊ូ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ដែលជាមុខសញ្ញាលួចរថយន្តខាងលើ ។
រហូតដល់ម៉ោង០៨ និង៤៥ឆ្នាំ ថ្ងៃ.ខែ.ឆ្នាំ ដដែល កម្លាំងជំនាញ នៃ អធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោរទិ៍ទី២ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានបើកកិច្ចសហប្រតិបត្តិការបង្ក្រាបចាប់ខ្លួនមុខសញ្ញាឈ្មោះ ភេម វុធ នៅចំណុចលេីផ្លូវលំ ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោរទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងដកហូតវត្ថុតាង (រថយន្តខាងលើ) បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីសាកសួរ ។
ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានអនុញ្ញាតឲ្យសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ៕