សមត្ថកិច្ចឃាត់បានក្មេងទំនើង ៩នាក់ មានទាំងពូថៅ, កាំបិត និងដាវទៀតផង

0

សៀមរាប ៖ គោរព​តាម​សេចក្តីណែនាំ​របស់​គណ​:​បញ្ជាការ​ឯកភាព​ខេត្តសៀមរាប និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក្នុង​ការ​ធានា​បាន​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ​ក្នុង​ខេត្តសៀមរាប កម្លាំង​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា បាន​ចេញ​ល្បាត និង​ឈរ​ជេ​ី​ង​តាម​បណ្តា​គោលដៅ​សំខាន់​ៗ​ជា​ប្រចាំ ក្នុង​ក្រុង​សៀមរាប ហើយ​បាន​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ក្នុង​ការ​បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​ផ្សេង​ៗ ពិសេស​ក្រុម​ក្មេង​ទំនើង​ដែល​តែងតែ​បង្ក​ភាព​អនាធិបតេយ្យ​។

ជាក់ស្តែង​នា​យប់​ថ្ងៃ​ទី​០៣ និង​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក ជា រតនៈ នាយការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ហើយ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន ០៩​នាក់ ក្នុង​ទីតាំង​ផ្សេង​ៗ​គ្នា៖

– នៅ​វេលា​ម៉ោង ២៣ និង​៣០​នាទី ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៣ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣​នាក់ ពូថៅ​ចំនួន ០១ និង​ម៉ូតូ​ចំនួន ០២​គ្រឿង ក្បែរ​ភោជនីយដ្ឋាន​ផ្ទះ​ឈេ​ី ស្ថិត​នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប ។

⁃ នៅ​វេលា​ម៉ោង ២៤ និង​២០​នាទី ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៣ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០១​នាក់ ម៉ូតូ​០១​គ្រឿង និង​ដាវ​ចំនួន​០១​ដើម នៅ​ចំណុច​ខាងត្បូង​ស្ពាន​នាគ​ប្រហែល​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លរ​ក្រាម ក្រុង​/​ខេត្តសៀមរាប ។

⁃ នៅ​វេលា​ម៉ោង​០២ និង​២៦​នាទី ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៣ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៤​នាក់ ម៉ូតូ​០២​គ្រឿង និង​កាំបិត​វែង​ចំនួន ០១​ដើម នៅ​ចំណុច​ខាង​មុខ​សាលា​បឋម​សិក្សា​ឥន្ទ​កោ​សា ស្ថិត​នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប​/​ខេត្តសៀមរាប ។

⁃ នៅ​វេលា​ម៉ោង ០២​និង​៥០​នាទី ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៣ ឃាត់ខ្លួន​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​ចំនួន ០១​នាក់ និង​ម៉ូតូ​ចំនួន ០១​គ្រឿង នៅ​ចំនុច​ខាងលិច ភោជនីយដ្ឋាន​សែនសប្បាយ​៧ ប្រហែល ១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គុំ ក្រុង​/​ខេត្តសៀមរាប ។

ក្រោយ​ធ្វើការ​ឃាត់ខ្លួន កម្លាំង​បាន​ប្រគល់​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ឲ្យ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ស្រាវជ្រាវ និង​អនុវត្ត​នីតិវិធី​បន្ត ៕

ប្រភព៖ ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប