ធ្លាក់ប្លន់មិនបានសម្រេច ព្រោះជួបកម្លាំងល្បាត ក៏ត្រូវជាប់ខ្នោះ

0

កណ្ដាល​៖ ថ្ងៃ​សៅរ៍ ១៥​កើត ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​០២​នឹង​៣០​នាទី នៅ​ចំណុច​តាម​ផ្លូវជាតិ​លេខ​២ ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​មានឈ្មោះ សុខ អូន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល (​មាន​របួស​ស្នាម​ដៃ និង​ជើង​)។

ជនសង្ស័យ​០៧​នាក់ ឃាត់ខ្លួន​០២​នាក់​៖
១-​ឈ្មោះ ស៊ន មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​) ។
២-​ឈ្មោះ ឡូង មេ​សា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​) ។

វត្ថុ​តាង​ចាប់​យក​៖
១-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda c125 សេរី​២០១៥(​របស់​ជនសង្ស័យ​) ។
២-​ម៉ូតូ​០១​គ្រឿង​ម៉ាក Honda scoopy​ព​ណ៏​ក្រហម ស្លាក​លេខ ភ្នំពេញ​១IM៦៥២៤(​របស់​ជន​រង​គ្រោះ​)​។

កាលពី​វេលា​កើតហេតុ​ខាងលើ តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ថា​ នៅ​ពេល​គាត់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​២ ហួស​ផ្លូវ​កោង ក៏​ស្រាប់តែ​មាន​ម៉ូតូ​សង់​២​គ្រឿង​និង​ម៉ូតូ​និ​ច​១​គ្រឿង បាន​ជិះ​មក​បុក​ម៉ូតូ​គាត់ និង​ធាក់​ម៉ូតូ​បណ្តាល​ឲ្យ​ដួល ហើយ​បាន​ដោះ​មួក​ការពារ​យក​មក​វាយ​គាត់ រួច​ដណ្តើម​យក​ម៉ូតូ​គាត់ ពេល​នោះ​គាត់​បាន​ប្រតាយប្រតប់​ដណ្តើម​ម៉ូតូ​ពី​ក្រុម​ជនសង្ស័យ​យក​មក​វិញ ហើយ​ស្រែ​កថា​ចោរ​ៗ ធ្វើ​អោយ​ក្រុម​ជនសង្ស័យ​ភ័យ​នាំ​គ្នា​បើក​ម៉ូតូ​រត់គេច​ខ្លួន ពេល​នោះ​ក៏​ជួប​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​តា​ក្តុល​ចេញ​មក​ជួយ​អត្ត​រាគ​មន៍​ដេញចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​និង​វត្ថុ​តាង​បញ្ជូន​មក​អធិការដ្ឋាន​ចាត់ការ​តាម​និ​តិ​វិធី​តែ​ម្តង​។

តាម​ការ​សាកសួរ​ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​៖ ក្រុម​គាត់​ពិតជា​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ ប្រាកដ​មែន តែ​នៅ​ក្រុង​តា​ខ្មៅ​ទើប​ប្រព្រឹត្ត​លើក​ទី​១​នេះ​ទេ ចំនែក​នៅ​ភូមិសាស្ត្រ​ក្រុងភ្នំពេញ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២​ក្រុម​គាត់​ធ្លាប់​ធ្វើ​សកម្មភាព​ជា​ច្រើន​ដង​មក​ហើយ​។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ដើម្បី​សាកសួរ​កសាង​សំណុំរឿង​ចាត់ការ​តាម
នីតិវិធី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ