បន្ទាយមានជ័យ៖ កម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ចាំង សុភ័ក្រ នាយការិយាល័យផែនការប្រតិបត្តិការ ចុះឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៣និង ៤០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចខារ៉ាអូខេឌីហ្គោល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យឈ្មោះ កែវ ផានិត (ហៅខ្លឹង) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងផ្សាដែក បច្ចុប្បន្នស្នាក់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បន្តថា នៅវេលាកេីតហេតុកម្លាំងអន្តរាគមន៍ដែលកំពុងចុះល្បាត បានទទួលព័ត៌មានពីអ្នកគ្រប់គ្រងខារ៉ាអូខេឌីហ្គោលថា មានករណីគប់កញ្ចក់ឡាន។ ភ្លាមៗនោះកម្លាំងកងអន្តរាគមន៍ ដែលកំពុងល្បាត បានចុះដល់កន្លែងកើតហេតុ ហើយធ្វេីការឃាត់ខ្លួនជនសង្ស័យរូបនោះ រួចនាំមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយប្រគល់ឱ្យការិយាល័យជំនាញធ្វើការសួរនាំ និងធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញវិជ្ជមាន។
ក្រោយឃាត់ខ្លួន និងសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដុំឥដ្ឋប្រហោង គប់ទៅលើកញ្ចក់រថយន្តម៉ាក តូយ៉ូតាព្រុស ពណ៍ទឹកសមុទ្រ របស់មេជាងផ្សាដែករបស់ខ្លួនពិតប្រាកដមែន ដោយសាររឿងមេជាងរបស់ខ្លួនឱ្យជួយចេញថ្លៃបន្ទប់ KTV ខ្លួនមិនមានលុយ ហេីយមេជាងបានដើរចេញទៅក្រៅ ពេលនោះខ្លួនក៏មានចិត្តខឹង ក៏បានយកដុំឥដ្ឋគប់កញ្ចក់រថយន្តមេជាងនោះតែម្តង ហើយរូបខ្លួនក៏បានប្រើប្រាស់គ្រឿងញៀនជាប្រចាំផងដែរ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣៕
ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ