​ចាប់ខ្លួន​ក្រុម​ជន​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ ចំនួន​ ៣​នាក់​ និង​​គ្រឿងញៀន​ជាង​ ២៤៦​គីឡូក្រាម​

0

ភ្នំពេញ​ ៖​ អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ កាលពី​ថ្ងៃ​ទី​ ២២​ ខែឧសភា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​២១​និង​១០​នាទី​ សមត្ថកិច្ច​ជំនាញ​(​ក​១)​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ អ៊ិ​ន​ សុង​ និង​លោក​ វរសេនីយ៍ឯក​ ហុង​ វ​ណ្ណា​រិ​ទ្ធ​ នាយករង​មន្ទីរ​ ចូលរួម​សហការ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សម្របសម្រួល​ដោយ​ លោក​ សេង​ ពុ​ទ្ធី​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ស្រាវជ្រាវ​ និង​ឈាន​ទៅ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​សារធាតុ​ញៀន​ឆ្លង​ដែន​ចូល​ពី​ឡាវ​មក​កម្ពុជា​ បង្ក្រាប​នៅ​ ៤​គោលដៅ​ផ្សេង​គ្នា​ជា​បន្តបន្ទាប់​ ៖​

*​គោលដៅ​ទី​១​ ផ្ទះ​លេខ​ ១៩៩A​ ផ្លូវ​២៧១​ សង្កាត់​ចាក់​អង្រែ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ សុខ​ ណា​រ៉ុ​ង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ដោយ​ចាប់​យក​វត្ថុ​តាង​រួម​មាន​ ៖​ ក្រាម​ពណ៌​ស​ថ្លា​ ចំនួន​១​កញ្ចប់​ធំ​ សង្ស័យ​ជា​គ្រឿងញៀន​,​ ម្សៅ​កញ្ចប់​ចំនួន​៩៣​កញ្ចប់​ សង្ស័យ​ជា​គ្រឿងញៀន​,​ ម្សៅ​ពណ៌​ស​ចំនួន​៤​កញ្ចប់​តូច​ និង​ពណ៌​ខៀវ​ចំនួន​១​កញ្ចប់​តូច​,​ ជញ្ជីង​ថ្លឹង​ចំនួន​ ១​ គ្រឿង​,​ ម៉ូតូ​ចំនួន​ ១​ គ្រឿង​ និង​ថង់​វេច​ខ្ចប់​មួយ​ចំនួន​។​

*​គោលដៅ​ទី​២​ ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ PTT​ ផ្លូវ​សហព័ន្ធ​រុ​ស្សី​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ ឆៃ​យិ​ត​ សេ​យ៉ាង​ ហៅ​ ប៉ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ថៃ​ ដោយ​ចាប់​យក​វត្ថុ​តាង​រួម​មាន​ ៖​ ដុំ​កញ្ចប់​ពណ៌​លឿង​រូប​ប៉ាន់តែ​សញ្ញា​ផ្កាយ​ប្រាំ​ ចំនួន​ ៥​ ដុំ​ធំ​ និង​រថយន្ត​ចំនួន​ ១​ គ្រឿង​។​

*​គោលដៅ​ទី​៣​ វីឡា​កូនកាត់​បុរី​ធូ​លន​ ផ្ទះ​លេខ​ FZ-11​ ផ្លូវ​លេខ​៨​ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ដោយ​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ សំបក​កញ្ចប់​ (​រូប​តែ​)​ ចំនួន​ ១៨​ សំបក​។​

*​ គោលដៅ​ទី​៤​ ៖​ នៅ​ថ្ងៃ​ទី​ ២៥​ ខែឧសភា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ ១៧​និង​២០​នាទី​  នៅផ្ទះ​លេខ​១៦៣​ ផ្លូវ​លេខ​១៣​ បុរី​ពិភព​ថ្មី​ ភូមិ​ព្រៃ​កី​ សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​ លទ្ធផល​ឆែកឆេរ​ ចាប់​យក​វត្ថុ​តាង​ ៖​ គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (ICE)២០១​ដុំ​ ស្មើ​ទម្ងន់​ ២០០​គីឡូក្រាម​ ៣៩៧​ក្រាម​,​ គ្រឿងញៀន​ប្រភេទ​កេ​តា​មីន​ (KETMINE)​ ៤០​ដុំ​ ស្មើ​ទម្ងន់​ ៣៩​គីឡូក្រាម​ ៦១៦​ក្រាម​ ។​

​ប្រតិបត្តិការ​ទាំង​៤​ទីតាំង​ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៣​នាក់​ ៖​ ឈ្មោះ​ សុខ​ ណា​រ៉ុ​ង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​,​ ឈ្មោះ​ ឆៃ​យិ​ត​ សេ​យ៉ាង​ ហៅ​ ប៉ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ថៃ​ និង​ឈ្មោះ​ យ័ន​ គុយ​ហេង​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៣៣​ឆ្នាំ​ (​មេខ្លោង​)​ ។​

​ចាប់​យក​វត្ថុ​តាង​សរុប​រួម​មាន​ ៖​ -​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ទម្ងន់​ ២០៥​គីឡូក្រាម​ និង​៤០៧​ក្រាម​,​ -​កេ​តា​មីន​ (KETMINE)​ ទម្ងន់​ ៤០​គីឡូក្រាម​ ២៨១.០៤​ក្រាម​,​ -​មេ​តំ​ហ្វេ​តា​មីន​ (​ម្សៅ​ចំរុះ​ពណ៌​)​ ទម្ងន់​ ៨២២.៤០​ក្រាម​ ដែល​សរុប​រួម​គ្រឿងញៀន​ទាំងអស់​ទម្ងន់​ជាង​ ២៤៦​គីឡូក្រាម​ និង​រថយន្ត​២​គ្រឿង​ ម៉ូតូ​៣​គ្រឿង​ ទូរស័ព្ទ​២​គ្រឿង​ គណនី​ធនាគារ​ ៥​គណនី​ និង​គណនី​ធនាគារ​ថៃ​ ៣​គណនី​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង​ចាប់​យក​ខាងលើ​ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ