សម្ដេចក្រឡាហោម ស ខេង ប្រាប់ឱ្យនគរបាលចរាចរណ៍រាល់ការផាកពិន័យត្រូវចេញវិក័យបត្រត្រឹមត្រូវ ចៀសវាងយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្ម

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានប្រាប់សមត្ថកិច្ចថា រាល់ការផាកពិន័យត្រូវចេញវិក័យបត្រ និងយោងមាត្រាច្បាប់ឱ្យត្រឹមត្រូវ ចៀស វាងការយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្ម ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។

ថ្លែងក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៤ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានណែនាំប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ក៏ដូចជាក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់ ចូលរួមគោរពអនុវត្តន៍តាមអនុសាសន៍ដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយលើកឡើងថា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា៖ «មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវធ្វើការពន្យល់ អប់រំណែនាំប្រជាពលរដ្ឋ មុននឹងធ្វើការផាកពិន័យបទល្មើសចរាចរណ៍ និងត្រូវគោរពសិទ្ធិប្រជាពលរដ្ឋ។ ការផាកពិន័យបទល្មើសចរាចរណ៍ត្រូវផ្អែកលើគោលការណ៍ច្បាប់ដែលមានជាធរមាន និងអនុវត្តន៍ឱ្យបានស្មើភាពគ្នា ដោយមិនប្រកាន់ ឬបែងចែកបក្ខពួកនោះទេ។ ទន្ទឹមនេះ រាល់ការផាកពិន័យត្រូវចេញវិក័យបត្រ និងយោងមាត្រាច្បាប់ឱ្យបានត្រឹមត្រូវ ចៀសវាង ការយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្ម ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន»។

សម្ដេចក្រឡាហោមបានបន្ថែមថា អាជ្ញាធរមូលដ្ឋាននៅទូទាំងរាជធានី-ខេត្តទាំងអស់ ត្រូវខិតខំធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ទន្ទឹមនេះ ត្រូវយកចិត្ត ទុកដាក់ និងពិនិត្យឡើងវិញចំពោះអាជីវកម្មមួយចំនួនដែលបង្ករផលរំខាន ឬផលប៉ះពាល់ ដល់សុវត្ថិភាពចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈរបស់ប្រជាពលរដ្ឋ និងពិនិត្យមើល ចំពោះ ការផ្សព្វផ្សាយផលិតផលទាំងឡាយណាដែលមានឥទ្ធិពលអវិជ្ជមាន ឬហានិភ័យ ដល់សុវត្ថិភាពចរាចរណ៍។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ដែលមានកំណើនខ្ពស់នូវគ្រោះថ្នាក់ចរាចរណ៍និងជនរងគ្រោះ ត្រូវចាត់ វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ជាបន្ទាន់តាមទិសដៅការងារឆ្នាំ២០២៣ របស់ គ.ស.ច.គ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា