ក្រោមការ ដាក់បញ្ជារដ៏ម៉ឺងម៉ាត់ ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយ មានជ័យ និង ក្រោមការបញ្ជារផ្ទាល់ ពី លោក វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ក្នុងចំណោម ១៦នាក់ រួមនិងវត្ថុតាង កសាងសំណុំរឿងបញ្ជូនអនុវត្តតាមនីតិវិធី និងស្រាវជ្រាវរកបក្សពួកដែលនៅសេសសល់ ក្នុងករណីហិង្សារដោយចេតនា និងធ្វើអោយខូចខាតទ្រព្យសម្បត្តិ។
នៅថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២០និង១៦នាទី នៅចំណុចតូបលក់ចាបហួយ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល មានករណីហឹង្សាបង្កដោយក្មេងស្ទាវ២ក្រុម។ ក្រុមទី១ ភាគីជនរងគ្រោះមានគ្នា ៥នាក់ ហើយក្រុមទី២ ភាគីជនបង្កមានគ្នា ១៦នាក់ ជិះម៉ូតូ៦ គ្រឿង ម៉ាកហុងដាឌ្រីម ៥គ្រឿង ម៉ាកស្កុបពី ១គ្រឿង ប្រដាប់ដោយកាំបិត ៤ដើម បានធ្វើសកម្មភាពយកដុំថ្មដេញគប់និងកាប់ទៅលើក្រុមទី១ បណ្ដាលអោយត្រូវដៃខាងឆ្វេង(ជនរងគ្រោះឈ្មោះ សមុទ្យ ភេទប្រុស) និងកាប់កំទេចម៉ូតូខូចខាតអស់ចំនួន ៣គ្រឿង ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពកម្ពុជាជប៉ុនស្រុកមង្គលបូរី។ ចំណែកម៉ូតូខាងជនរងគ្រោះ១គ្រឿង សមត្ថកិច្ចយើងយករក្សាទុកនៅប៉ុស្ដិ៍នគរបាលអូរអំបិល។ក្រោយទទួលបានព័ត៌មានព្រឹកថ្ងៃ២៤ ខែឆ្នាំដ៏ដែលវេលាម៉ោង ៨និង ១៥នាទី កម្លាំងការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល បានសហការណ៍ជាមួយកម្លាំងជំនាញក្រុងសិរីសោភ័ណ ធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ១១នាក់ មកសាកសួរនៅអធិការដ្ឋាន។
ក្នុងពេលសួរយកចំលើយ ជនសង្ស័យទាំង ១១នាក់បាន សារភាពថា ពួកខ្លួនពិតជាបាននាំគ្នាទៅកាប់ជនរងគ្រោះ និងម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន។ចំណែកបក្សពួក ៥នាក់ទៀតគេចខ្លួន៕
ប្រភព៖ អធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ