ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមការប៉ាន់ស្មាន នៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋបញ្ចេញចោលនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០ ០០០ម៉ែត្រគុប ក្នុងមួយឆ្នាំ នេះបើធៀបនឹងបច្ចុប្បន្ន គឺកើនឡើងជិត ១៣ដង ដូច្នេះទាមទារឱ្យយកចិត្តទុកដាក់គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តិកម្ម សំណល់ភក់បង្គន់ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដារបច្ចេកទេស។
នេះជាការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែល ឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយ ប្រព្រឹត្តិកម្ម សំណល់ភក់បង្គន់ មានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី លេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុកកម្មវិធី សហប្រតិបត្តិការ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង និងលោក ការីម ហ្ស៊ីយ៉ាឌី សមាជិកក្រុមប្រឹក្សាភិបាល ស្ថាប័នស្យ៉ាប (SIAAP) និងជាតំណាងទីក្រុង ប៉ារីសតំបន់សហជីព finu (SIAAP)។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តិកម្មសំណល់ ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលបានបើកការដ្ឋាន សាងសង់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅដោយចំណាយ ថវិកាសាងសង់ អស់ចំនួន១.១៩៤. ៥៥៧ (មួយលាន មួយសែន ប្រាំបួនម៉ឺនបួនពាន់ប្រាំរយហាសិបប្រាំពីរ ដុល្លារអាម៉េរិក) ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង ៣,៧លានដុល្លារអាម៉េរិក ដែលជាការ ចូលរួមពីដៃគូ រួមមាន សហជីព ស៉្យាប (SIAAP), សមាគម អា.អ៊ី.អឹម.អេហ្វ, ទីភ្នាក់ងារ អេ អ៊ីអេស អ៊ិន (AESN) និងថវិកា បដិភាគរបស់រដ្ឋបាលរាជធានីភ្នំពេញ។ នេះជាចំណងដៃរួម គ្នារវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម អា.ស៊ី.អឹម.អេហ្វ ជូន ចំពោះប្រជាជនក្នុង រាជធានីភ្នំពេញ សំដៅ លើកកម្ពស់អនាម័យ-បរិស្ថាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងភាព ស៊ីវិល័យរបស់ប្រជាជនក្នុងទីក្រុង។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា យោងតាមការសិក្សា នៅឆ្នាំ២០០១ សំណល់ ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២៦.០០០ ម៉ែត្រគុបក្នុងមួយ ឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយ តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់ បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគុបក្នុង មួយឆ្នាំ ពោលគឺ កើនឡើងជិត ១៣ ដង ដូច្នេះ ទាមទារឱ្យយើងត្រូវយកចិត្តទុកដាក់គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តិកម្មសំណល់នេះ ឱ្យបានត្រឹមត្រូវស្របតាមស្តង់ដារ បច្ចេកទេស។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្រាប់ការស្ថាបនាស្ថានីយ ប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅ រាជធានីភ្នំពេញ គឺពិតជាមានភាពចាំបាច់ និងមាន សារៈសំខាន់ខ្លាំងណាស់ ដើម្បីលើកកម្ពស់អនាម័យសាធា រណៈឆ្លើយតបទៅនឹង អត្រាកំណើន ប្រជាពលរដ្ឋកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ការពង្រីកទីក្រុង និងការ កើនឡើងផ្នែកជីវភាព-តម្រូវការរស់នៅកាន់តែស៊ីវិល័យរបស់ បងប្អូនប្រជាពលរដ្ឋ ក្នុងនោះ គម្រោងនេះ នឹងផ្តល់នូវអត្ថបយោជន៍ សំខាន់ចំនួន៣ រូមមាន៖ ទី១. អត្ថប្រយោជន៍ ផ្នែកបរិស្ថាន តាមរយៈ ការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ។ ទី២. អត្ថប្រយោជន៍ផ្នែក សង្គម តាមរយៈការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅជា ជីសរីរាង្គ កាត់ បន្ថយការ ប្រើប្រាស់ជីគីមី និងទី៣. អត្ថប្រយោជន៍ ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសរីរាង្គ ដែលផលិតបានទៅក្នងទីផ្សារ កសិកម្ម ឬ អាចនិយាយបានថា “យកសំណល់ គ្រប់គ្រងសំណល់”។
ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ណែនាំនិងផ្សព្វផ្សាយទៅបងប្អូនប្រជាពលរដ្ឋដែលធ្វើអាជីវកម្មបូមភក់បង្គន់នៅក្នុងរាជធានីភ្នំពេញ ទាំងអស់រាល់ការធ្វើអាជីវកម្មមូមភក់បង្គន់ត្រូវនាំមកចាក់នៅ អាងប្រព្រឹត្តិកម្ម សំណល់ភក់បង្គន់នេះដើម្បីសុខុមាលភាពប្រជាជន។ បើណែនាំហើយ មិនព្រមអនុវត្តន៍ នោះរដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការរដ្ឋបាល ដោយមិនអាចឱ្យ ពួកគាត់យក ទៅចាក់ចោលពាសវាលពាសកាលដូចមុនទៀតទេ។
លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ក៏ដូចជាលោក ការីម ហ្ស៊ីយ៉ាឌី បានមានប្រសាសន៍ លើកឡើងផងដែរថា យើងបានធ្វើការសិក្សា ១០ឆ្នាំហើយលើការងារប្រតិកម្មទឹកស្អាត ជាលទ្ធផល យើងបានបើកការដ្ឋានស្ថាបនាស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ហើយនេះក៏ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ។
ក្រោយបើកសម្ពោធដាក់ឱ្យប្រើប្រាស់ យើងមិនបោះបង់ចោលនោះទេ គឺយើងនឹង បញ្ជូនអ្នកបច្ចេកទេស មកជួយដល់ស្ថានីយនេះ សំដៅធ្វើយ៉ាងណាឱ្យ ការងារមួយនេះទទួល បានជោគជ័យ សម្រាប់សុខុមាលភាពប្រជាពលរដ្ឋ៕
ប្រភព៖ ក្រសួងព័ត៌មាន