ប្រមុខរាជរដ្ឋាភិបាលចង់ឃើញពិភពលោកកាត់បន្ថយការចំណាយលើវិស័យយោធា៥០ភាគរយ ដើម្បីបង្វែរយកមកអភិវឌ្ឍន៍វិស័យសុខាភិបាលវិញ

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើពិភពលោកកាត់បន្ថយការចំណាយលើវិស័យយោធាត្រឹមតែ ៥០ភាគរយបង្វែរយកមកជួយអភិវឌ្ឍន៍លើវិស័យសុខាភិបាលវិញនោះ ប្រាកដជាជួយសង្គ្រោះជីវិតមនុស្សបានកាន់តែច្រើន។ ការគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលបែបនេះ ស្របពេលដែលប្រទេសមួយចំនួននៅលើពិភពលោក បាននិងកំពុងតែធ្វើការផលិតអាវុធទំនើបៗបង្អួតដាក់គ្នា ពិសេសនោះក្នុងសង្គ្រាមវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអូសបន្លាយមកដល់ពេលនេះដោយសារមានការគាំទ្រពីប្រទេសមហាអំណាចរៀងៗខ្លួន ក្នុងការផ្តល់សព្វាវុធ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសរុបជាង ១ពាន់នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការសោកស្តាយចំពោះការចំណាយលុយរបស់ប្រទេសនានា ទៅលើការផលិតអាវុធបំផ្លាញជីវិតមនុស្ស។ សម្ដេចតេជោបានអះអាងថា៖ «ប្រសិនបើកាត់បន្ថយការចំណាយលើវិស័យយោធាត្រឹមតែ៥០ភាគរយ បង្វែរយកមកចំណាយលើវិស័យសុខាភិបាល វេជ្ជសាស្ត្រ ឬការផលិតឱសថ សម្ភារបរិក្ខារវេជ្ជសាស្ត្រ នោះនឹងជួយឱ្យកាត់បន្ថយការចំណាយលើផ្នែកសុខ ភាពជាងមុន។ ផ្ទុយទៅវិញ ប្រទេសមហាអំណាច និងប្រទេសមួយចំនួនបែរជាគិត តែពីផលិតសព្វាវុធនិងបញ្ជូនទៅឱ្យប្រទេសដែលមានជម្លោះជាមួយគ្នាសម្រាប់ធ្វើសង្គ្រាមនឹងគ្នាមិនចេះចប់មិនចេះហើយ តួយ៉ាងដូចជាករណីសង្គ្រាមអ៊ុយក្រែននិងរុស្ស៉ី គឺមិនងាយចប់ទៅវិញនោះឡើយ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «អ្វីដែលគួរឱ្យស្ដាយគឺការចំណាយយ៉ាងច្រើនទៅលើការផលិតឧបករណ៍សម្លាប់មនុស្ស តែបើគេកាត់បន្ថយការចំណាយលើវិស័យយោធាត្រឹមតែ៥០ភាគរយ យកមកផលិតឧបករណ៍សង្គ្រោះមនុស្សវិញ នោះឧបករណ៍ក៏ចុះថ្លៃ ការស្រាវជ្រាវខាងផ្នែកការពារជីវិតមនុស្សគឺនឹងល្អជាងមុន»។ ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងបន្ថែមថា ប្រសិនបើពិ ភពលោកជួបបញ្ហាស្មុគស្មាញ នោះកម្ពុជាក៏ជួបរឿងស្មុគស្មាញដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន