ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា គ្រូពេទ្យទាំងអស់នៅតែរក្សាកិត្តិនាមជាកងទ័ពអាវស

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថា គ្រូពេទ្យទាំងអស់នៅតែរក្សាកិត្តិនាមជាកងទ័ពអាវស ដោយរក្សាបាននូវក្រម សីលធម៌ និងបន្ដព្យាបាលប្រជាពលរដ្ឋប្រកបដោយគុណភាព។

  ថ្លែងក្នុងពិធីប្រគល់សញ្ញា បត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៨ ខែ ឧសភានេះ សម្តេចអគ្គមហា សេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាស ន៍ថា ជំងឺរាតត្បាលកូវីដ១៩ កន្លងមក ឃើញថាក្រុមគ្រូ ពេទ្យទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការព្យាបាល  និងមើលថែទៅ ដល់អ្នកជំងឺកូវីដ១៩ ប្រកប ដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពការងាររហូតជួយ សង្គ្រោះប្រជាពលរដ្ឋជាច្រើននាក់ ឱ្យរួចផុតពីគ្រោះថ្នាក់ដល់ អាយុជីវិតផងដែរ។

សម្ដេចតេជោ បានមាន ប្រសាសន៍បន្តថា  ការលះបង់កម្លាំងកាយ កម្លាំងចិត្តទាំង អស់នេះហើយ ទើបធ្វើឱ្យក្រុមគ្រូពេទ្យរបស់កម្ពុជា ក្លាយ ទៅជាក្រុមគ្រូពេទ្យកងទ័ពអាវស ដែលបង្ហាញឱ្យឃើញអំពីឆន្ទៈ ក៏ដូចជាភាពអង់អាចក្លាហានរបស់ក្រុមគ្រូពេទ្យនៃកម្ពុជា ក្នុងការមើលថែព្យាបាលជូនប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាកនោះ។

ជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវឱ្យក្រុមគ្រូពេទ្យទាំង អស់ នៅតែបន្តរក្សាកិតិ្ដនាមរបស់ខ្លួនប្រកបដោយក្រម សីលធម៌ឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីឱ្យវិស័យសុខាភិ បាលនៅកម្ពុជាកាន់តែមានការរីកចម្រើន។

 «ហើយតាំងពីពេល នោះមក ក្រុមគ្រូពេទ្យរបស់យើងដែលធ្លាប់ត្រូវបានគេប្រមាថ ក៏ត្រូវបានក្លាយខ្លួនទៅជាកងទ័ពអាវស។ ឥឡូវខ្ញុំរំពឹងទុកថា និស្សិតដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះនឹងក្លាយទៅជាគ្រូពេទ្យដោយជំនាញ ខណៈដែលឥឡូវនេះក្លាយជាគ្រូពេទ្យទៅហើយ នៅចាំតែការប្រថាប់ត្រា ចែកសញ្ញាបត្រនៅថ្ងៃនេះតែប៉ុណ្ណឹងទេ។ ដូច្នេះនៅតែរក្សានូវកិត្ដិនាមនិងកេរ្តិ៍ឈ្មោះជាកងទ័ពអាវសបន្តទៀត តាម រយៈនៃការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានល្អ»៕

ប្រភព៖ ក្រសួងព័ត៌មាន