សម្តេចតេជោ ហ៊ុន សែន លើកឡើងថា លុយអាចចាយអស់ប៉ុន្តែកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ជាតិមិនចាយអស់នោះទេ

0

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា សម្តេចបានគិតថាសម្តេចសម្រេចចិត្តត្រូវ ដោយសម្រេចចិត្តត្រូវត្រង់ថាយើងធ្វើជាម្ចាស់ផ្ទះដោយការទទួលខុសត្រូវ ហើយដោយក្នុងនោះចាប់ផ្ដើមយកគំនិតផ្ដួចផ្ដើមស្ដីអំពីសមាហរណកម្មអាស៊ានមួយផ្នែកបញ្ចូលមកតាមរយៈការមិនបង់ថ្លៃ ហើយលុយអាចចាយអស់ ប៉ុន្តែកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ជាតិមិនចាយអស់នោះទេ។ ការលើកឡើងរបស់សម្តេចតេជោ បែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យសុខាភិបាលជាង១ពាន់នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឋានៈជាសមាជិកអាស៊ាន និងជាមេដឹកនាំនៃប្រទេសអាស៊ានមួយរូបសម្ដេចក៏ត្រូវមានគំនិតផ្ដួចផ្ដើមទៅលើបញ្ហានេះ ឬបញ្ហា នោះ ក្នុងនោះក៏មានគំនិតផ្ដួចផ្ដើមទាក់ទងនឹងវិស័យកីឡានេះ ដែលកម្ពុជាបានធ្វើសកម្មភាពមុនដើម្បីជាការពង្រឹងនៅសាមគ្គីភាពក្នុងចំណោមប្រជាជនអាស៊ានយើង។ សម្តេចតេជោបានបញ្ជាក់ថា៖ «ការចាយថវិកាប្រមាណ ៧ លានដុល្លារថែមប៉ុណ្ណោះ សម្រាប់ការស្នាក់នៅរបស់កីឡាករ កីឡាការិនី និងការហូបចុក តែយើងបានមកវិញនូវការរាប់អានពីមិត្តភក្តិ ក្នុងអាស៊ាន។ ហើយចេញផុតពីនោះអ្នកមកយកព័ត៌មានអ្នកមកទស្សនានៅក្នុងប្រទេសរបស់យើងដែលយើងមិនបានលក់សំបុត្រទេអញ្ចឹងទេផ្ដល់ឱកាសឱ្យប្រជាជននៅក្នុងតំបន់ប្រជាជនកម្ពុជាយើងប្រជាជននៅក្នុងតំបន់យើងនឹងមកពីក្រៅតំបន់មានឱកាសចូលទៅមើលកីឡានេះកីឡានោះទៅតាមចំណូលចិត្តរបស់គាត់»។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងថា យើងបានឆ្លងផុតនៅដំណាក់កាលនេះដោយការទទួលខុសត្រូវដោយមិនមានអ្នកណាម្នាក់មានបញ្ហាកើតឡើងនៅក្នុងប្រទេសកម្ពុជាទេ ហើយរឿងនេះក៏វាជារឿងល្អសម្រាប់ប្រទេសរបស់យើង។ សម្តេចតេជោបានសង្កត់ធ្ងន់ថា កេរ្តីឈ្មោះរបស់កម្ពុជាវាសំខាន់ណាស់វាបន្សល់ទុកមិនគ្រាន់តែមួយថ្ងៃពីរថ្ងៃ ឬមួយឆ្នាំពីរឆ្នាំទេ វាបន្សល់ទុក១០០ឆ្នាំតទៅមុខទៀតសម្រាប់កិត្តិយសរបស់កម្ពុជា ។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានរម្លឹកទៅដល់ព្រឹត្តិការណ៍ កីឡានៅកម្ពុជាដែលបានធ្វើតាំងពីឆ្នាំ ១៩៦៦ គឺបានបន្សល់ទុកកេរ្តិ៍ឈ្មោះរហូតមកដល់ពេលនេះបើទោះបីជាកម្ពុជាឆ្លង កាត់សង្គ្រាម ឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ និងការផ្លាស់ប្ដូររបបច្រើនក៏ប៉ុន្តែព្រះកិត្ដិនាមរបស់អតីតព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋនិងមុខមាត់កម្ពុជានៅពេលនោះបានរក្សាទុកមកដល់បច្ចុប្បន្ន៕

ប្រភព៖ ក្រសួងព័ត៌មាន