ប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍លើកឡើងថា ព្រឹត្តិការណ៍ស៊ីហ្គេមនឹងក្លាយជាការចងចាំ​ដ៏មានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់អាស៊ាន និងកម្ពុជា

0

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នយ៍បានលើកឡើងថា ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើទី៣២ ដែលបានបិទបញ្ចប់ដោយជោគជ័យនឹងក្លាយ​ជា​ការចងចាំដ៏មានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ប្រតិភូ និងអត្តពលិកយើងទាំងអស់ ក៏ដូច​ជាប្រជាជនកម្ពុជាទាំងមូល ពិសេសពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោដ៏ស្រស់ស្អាតនេះ ដែលបានបង្ហាញនូវផ្ទាំងទស្សនីយ​ភាពដ៏​អស្ចារ្យ និងកម្មវិធីដ៏ល្អកម្រិតអូឡាំពិកអន្តរជាតិ។

នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ថោង ខុនក្នុងពិធីបិទផ្លូវការព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា មកដល់ថ្ងៃនេះ យើងបានឈានចូល​មក​ដល់ការបញ្ចប់នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ​នេះ។

ក្នុងនាមក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ឯកឧត្តមបណ្ឌិតបានចូលរួម​អបអរ​សាទរ​ចំពោះប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការ​ណ៍កីឡា​អាស៊ីអាគ្នេយ៍ លើកទី៣២ ជាប្រវត្តិសាស្ត្រ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាសមាជិកគ្រួសារកីឡាអាស៊ីអាគ្នេយ៍ទាំងមូល ដែលបាន​មកជួបជុំក្នុងព្រឹត្តិការណ៍នេះ នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិតបន្ថែមថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលបាន​ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ គឺជាភាពជោគជ័យដ៏​វិសេស​វិសាលរបស់យើងទាំងអស់គ្នា ដោយមានអត្តពលិក និងប្រតិភូកីឡាសរុប ៨ ៧២៥ នាក់ មកពី ១១ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមប្រកួតនៅរាជធានីភ្នំពេញ និងបណ្តា​ខេត្ត​ទាំង ០៤ រួមមាន៖ សៀមរាប កែប កំពត និងព្រះសីហនុ។

ឯកឧត្ដមបានបញ្ជាក់ថា៖ «​ជំនួសមុខឱ្យអត្តពលិក គ្រូបង្វឹក, មន្រ្តីកីឡា, អ្នកទស្សនា សមាជិកគ្រួសារកីឡា និងមិត្ត​ភក្តិ​ទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើកទី៣២ ដ៏គួរឱ្យចងចាំ និងជាទីមោទនៈនេះ»។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា អស់រយៈពេល ១២ថ្ងៃកន្លងមកនេះ អត្តពលិកទាំង​អស់​បានបង្ហាញនូវភាពក្លាហាន ឆន្ទៈមោះមុត ការតាំងចិត្ត ការលះបង់ និងស្មារតីកីឡា​“Sportsmanship” ដែលបានចូលរួមប្រកួតក្នុង ៥៧៩វិញ្ញាសា។

ឯកឧត្តមបណ្ឌិតបាន​កោត​សរសើរ ចំពោះការខិតខំប្រឹងប្រែងហ្វឹកហាត់ និងលះបង់ពេលវេលាដ៏មានតម្លៃជាច្រើនឆ្នាំ​របស់​អត្តពលិក ដែលបានឆ្លុះបញ្ចាំងពីគុណភាព និងគុណវុឌ្ឍន៍ដ៏ខ្លាំងក្លាទាំងក្នុង និងក្រៅ​ទីលានប្រកួតក្នុងការដណ្ដើមមេដាយជូនជាតិរបស់ខ្លួន។ ម្យ៉ាងវិញទៀតព្រឹត្តិការណ៍កីឡាដ៏​មានសារៈសំខាន់នេះមិនត្រឹមតែផ្ដល់ឱកាសដល់អត្តពលិកទាំងអស់ក្នុងការប្រកួតតំណាងជាតិ​របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីគុណតម្លៃនៃឧត្តមភាព, មិត្តភាព និងសាមគ្គីភាព​របស់​សមាជិកគ្រួសារកីឡាអាស៊ីអាគ្នេយ៍ ក៏ដូចជាទិដ្ឋភាពគ្រប់រស់ជាតិ ដែលមានទាំងភាព​រីករាយ និងរំជួលចិត្តរហូតស្រក់ទឹកភ្នែក។ តួយ៉ាង កីឡាការិនីផ្នែកអត្តពលកម្ម ប៊ូ សំណាង បាន​បង្ហាញពីឆន្ទៈកីឡា និងស្មារតីអូឡាំពិក ក្នុងការជម្នះបញ្ចប់ការរត់ចម្ងាយ ៥,០០០ ម៉ែត្រ របស់ខ្លួនក្រោមតំណក់ទឹកភ្លៀង។

«ដោយឡែក កីឡាករកម្ពុជានិងកីឡាករហ្វីលីពីនផ្នែកគុនល្បុក្កតោនិងកីឡាជឺជីតស៊ូ ក៏ដូចជាកីឡាករសឹង្ហបូរី និងឥណ្ឌូណេស៊ីផ្នែកកីឡាអត្តពលកម្ម សុទ្ធតែបានបង្ហាញគុណតម្លៃ​អូឡាំពិកគឺ ការគោរព “Respect”, មិត្តភាព “Friendship” និងសាមគ្គីភាព “Solidarity” ។ ខ្ញុំសូម​កោត​សរសើរដ៏ស្មោះ ចំពោះអត្តពលិកផ្សេងទៀត ដែលបានសម្តែងកាយវិការជាវិជ្ជមាននេះ​ដែលជាការឆ្លុះបញ្ចាំងពីសារៈសំខាន់ន គុណតម្លៃរបស់ចលនា និងស្មារតីអូឡាំពិក។ ជូន​ចំពោះ​អត្តពលិកទាំងអស់ អ្នកជាគំរូដ៏ពិសេសមួយ អ្នកទាំងអស់គ្នាបានប្រកួតប្រជែងដោយ​យុត្តិធម៌ ដោយបានគោរពដល់ប្រទេសជិតខាងរបស់អ្នកក្នុងអាស៊ីអាគ្នេយ៍ ហើយបានបន្តជា​គំរូដ៏ល្អប្រសើរនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ផ្អែកលើគោលការណ៍ “Fair-Play”»។ នេះគឺ​ជា​ការលើកឡើងបន្ថែមរបស់ប្រធាន​ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏ផ្ញើជូនចំពោះអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ ដែលបាន​ខិត​ខំ ដើម្បីធ្វើយ៉ាងណាឱ្យគណៈប្រតិភូ និងអ្នកទស្សនាទទួលបានបទពិសោធន៍ដ៏ល្អ​ពីការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ដែលកម្ពុជាបានផ្ដល់ជូនខ្ញុំសូមអរគុណដ៏ស្មោះពីបេះដូង។ អ្នក​គឺពិតជាកោសិកាស្នូល (DNA) នៃព្រឹត្តិការណ៍កីឡារបស់យើង។ ជូនចំពោះមន្ត្រីបច្ចេកទេស​ជាតិ “National Technical Official” និងមន្ត្រីបច្ចេកទេសអន្តរជាតិ “International Technical Official” ដោយឯកឧត្តមបានកោតសរសើរចំពោះការបំពេញតួនាទីប្រកបដោយការ​ទទួលខុស​ត្រូវខ្ពស់ក្នុងការវិនិច្ឆ័យការប្រកួតគ្រប់ប្រភេទកីឡាស្រមតាមបទបញ្ញត្តិ និងបទបញ្ជាការប្រកួត​អន្តរ​ជាតិ។

លើសពីនេះទៀត ឯកឧត្តមបណ្ឌិតបានអបអរសាទរដល់អត្តពលិកទាំងអស់​ដែល​ដណ្តើម​​បានមេដាយ និងសូមអបអរសាទរដល់អត្តពលិកនិងប្រជាជនកម្ពុជាដែលទទួលបាន​មេដាយ​មាសប្រាក់ និងសំរឹទ្ធច្រើនបំផុតក្នុងកំណត់ត ប្រវត្តិសាស្ត្ររបស់ខ្លួននៃព្រឹត្តិការ​ណ៍​កីឡា​អាស៊ីអាគ្នេយ៍នេះ។

ក្នុងឱកាសនោះ ប្រការគួឱ្យចងចាំ ដែលត្រូវបានដាក់បញ្ចូល​ក្នុង​កំណត់ត្រានៃប្រវត្តិកីឡាអាស៊ីអាគ្នេយ៍ គឺសមាជិកក្រុម ប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍​ទាំងអស់​បាន​សម្តែងការអបអរសាទរព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលជាប្រវត្តិសាស្ត្រ​របស់កម្ពុជាក្នុងរយៈពេល ៦៤ឆ្នាំ ដោយបានចូលរួមសហការយ៉ាងស្អិតរមួតក្នុងដំណើរដង្ហែរត់​ភ្លើងគប់ឆ្លងកាត់ប្រទេសរបស់ខ្លួន។ ទាំងអស់គ្នាមានក្តីសប្បាយរីករាយណាស់ដោយបាន​ឃើញភ្លើងគប់ ធ្វើដំណើរឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍របស់យើង ដែលជាសញ្ញានៃកម្លាំង សាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អក្នុងមហាគ្រួសារចលនាអូឡាំពិកតំបន់ និងជា​សក្ខីភាព នៃការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ។ ពេលភ្លើងគប់ត្រឡប់​ដល់​កម្ពុជាវិញ យើងក៏ឃើញមានមនុស្សចូលរួមដង្ហែអបអរសាទរ តាមដងផ្លូវយ៉ាងច្រើនកុះករ ដែលជាសញ្ញានៃការគាំទ្រដល់ព្រិត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍របស់យើង។

ឯកឧត្ដមបណ្ឌិត ថោង ខុន បានបន្ថែមថា ជាមួយអំណោយដ៏ពិសេសថ្លៃថ្លារបស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទី​គោរព ដែលបានផ្ដល់ដល់ប្រតិភូកីឡាទាំងអស់ក្នុងការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន, ការផ្ដ ល់សិទ្ធិផ្សព្វផ្សាយ និងផ្តល់សំបុត្រចូលទស្សនាគ្រប់ប្រភេទកីឡា និងក្នុងពិធីបើក-បិទជាផ្លូវ​ការ ព្រមជាមួយការចូលទស្សនាប្រាសាទអង្គវត្ត ដោយឥតគិតថ្លៃ កម្ពុជាបានយកចិត្តទុកដាក់​សាងសង់ភូមិកីឡា ដែលបានបញ្ជាក់យ៉ាងច្បាស់ពីស្មារតីខិតខំរបស់ម្ចាស់ផ្ទះ ក្នុងការទទួល​រៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នយ៍ស្របតាមគោលការណ៍អូឡាំពិក ដែលអនុញ្ញាតឱ្យប្រតិភូ​កីឡា និងអត្តពលិកទាំង ១១ប្រទេស មករួមរស់ជុំគា្នជាសហគមគ្រួសារស៊ីហ្គេម និងផ្ដល់​ឱកាស​ក្នុងការចែករំលែកបទពិសោធន៍ល្អៗបង្កើតមិត្តភាព និងសាមគ្គីភាពស្របនឹងអត្ថន័យ គឺកីឡា មិនត្រឹមតែជាការប្រកួត និងការដណ្ដើមមេដាយប៉ុណ្ណោះទេ ប៉ុន្តែវាមានអត្ថន័យលើស​ពីការប្រកួតនិងមេដាយ “Beyond the Games and Medals”។

ឯកឧត្តមបណ្ដិត ថោង ខុន ក៏បានអរគុណដល់គណៈកម្មាធិការជាតិ CAMSOC ដែល​បានខិតខំរៀបចំ និងសម្របសម្រួលការងារគ្រប់បែបយ៉ាងចាប់តាំងពីការសម្រួលដល់​ការ​ស្នាក់​នៅ ហូបចុក ដឹកជញ្ជូន បដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធសុខាភិបាល សន្តិសុខ​សុវត្ថិភាព និងការរៀបចំទីលាន ប្រកួតបានយ៉ាងល្អ ដើម្បីឱ្យព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍​ប្រព្រឹត្តដោយរលូន និងជោគជ័យ៕

ប្រភព៖ ក្រសួងព័ត៌មាន