ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីហិង្សា និងដកហូតបានវែកដែកដងឈើ ១ផងដែរ

0

បាត់ដំបង​៖​ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ នៅវេលាម៉ោង១០និង៥០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ស៊ន សិលា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ​ កម្មករ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស លើបងថ្លៃរបស់គាត់ដែលបណ្តាលអោយរងរបួសធ្ងន់ នៅចំណុចភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង៥០នាទី។

ក្រោយទទួលព័ត៌មាន ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានស្រុកភ្នំព្រឹក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានស្រុកភ្នំព្រឹក ដឹងនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ​ ហេង មុត ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ​ កម្មករ។ ២.ឈ្មោះ វ៉ាន់ សាវួន ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិកណ្ដាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ​ កម្មករ។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង ០២នាក់​ មកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីធ្វើការសាកសួរ ក្រោយពីសាកសួជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពវាយទៅលើ ជនរងគ្រោះឈ្មោះ ពិន រោល បណ្តាលអោយ​រង​របួសធ្ងន់ ពិតប្រាកដមែន។ សម្ភារៈដកហូតបានគឺ​ វែកដែកដងឈើ​ ប្រវែង​ ៥០សង់ទីម៉ែត្រ ចំនួន ០១ ។

បច្ចុប្បន្ន​ ជនរងគ្រោះកំពុងបញ្ជូនបន្តទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ចំពោះជនសង្ស័យទាំង០២នាក់ខាងលេី ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដេីម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ