អំពើហឹង្សាក្នុងគ្រួសារ!! ប្តីវាយក្បាលប្រពន្ធ ៥ដែកទីប ខណៈប្រពន្ធដាក់ប្តី ២ពូថៅវិញ

0

បន្ទាយមានជ័យ៖ មានអំពើហឹង្សាមួយបានកើតឡើង នៅវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៣ នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បង្កដោយជនប្រម៉ឹកជាប្តី ក្រោយពីស្រវឹងស្រាបានទៅរករឿងគំរាមសម្លាប់ប្រពន្ធរបស់ខ្លួន ។

នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនដៃដល់ជាប្តីឈ្មោះ ស្រី រំដួល អាយុ ៣៩ឆ្នាំ និងជនរងគ្រោះជាប្រពន្ធ ឈ្មោះ ឌុល តុលា អាយុ៣៥ឆ្នាំ គ្រួសារនេះ នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា នៅមុនពេលើតហេតុ ជនបង្កឈ្មោះស្រី រំដួល មកពីផឹកស្រាស្រវឹង បានសុំម្ដាយក្មេកឈ្មោះ ឡាំ លៀន ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ទៅធ្វើពលករនៅប្រទេសថៃ ពេលនោះម្ដាយក្មេកក៏តបថា ទៅក៏ទៅៗតែគាត់គ្មានប្រាក់ឲ្យធ្វើសាហុយទៅទេ ព្រោះគាត់ឈឺ បន្ទាប់មកជនបង្ក ក៏យកកាបូបដើរចេញទៅបាត់ បានមួយសន្ទុះ ស្រាប់តែឃើញដើរត្រឡប់មកវិញ ហើយសុំហូបបាយ និងសុំដេកសិន ចាំម៉ោង០៣ទាបភ្លឺចាំក្រោកទៅ ។

នគរបាលបានបញ្ជាក់ថា ពេលកំពុងតែដេក ជនបង្កនោះ បានទៅខ្សិបដាក់ត្រចៀកប្រពន្ធ ដែលកំពុងដេកនៅក្រោមផ្ទះថា បើមិនបានសម្លាប់នាងឯងឲ្យស្លាប់ទេ អញក៏មិនចុះចេញពីផ្ទះនេះឡើយ ក្រោយមកក៏មានការឈ្លោះប្រកែកគ្នាកើតឡើងហើយជនបង្កជាប្តី បានរត់ទៅយកដែកទីបជ្រុងវាយសំដៅទៅលើប្រពន្ធ ប្រហែលចំនួន០៥ដែកទីប ត្រូវក្បាលបណ្ដាលឲ្យបែកហូរឈាមដេរអស់ចំនួន០៦ថ្នេរ  ចំណែកជនរងគ្រោះដែលជាក៏បានស្រវ៉ាចាប់បានពូថៅក្រវ៉ាសការពារខ្លួនទៅវិញ ត្រូវប្តីចំនួន០២ពូថៅ  ត្រូវចំក្បាលចំនួន០១ពូថៅបែកក្បាល និងត្រូវចំខ្នងចំនួន០១ពូថៅ ។ ជនបង្កឈ្មោះស្រី រំដួល នេះតែងតែផឹកស្រាស្រវឹងជាប្រចាំ (ជាមនុស្សញៀនស្រា) និងតែងតែធ្វើសកម្មភាពគំរាមសម្លាប់គ្រួសារដូចជា ឱពុកក្មេក ម្ដាយក្មេក ប្រពន្ធ និងកូន ហើយរូបគេថែមទាំងនិយាយថាបើមិនបានសម្លាប់អ្នកណាម្នាក់ក្នុងគ្រួសារនេះទេ រូបគេមិនចុះចេញពីផ្ទះនោះឡើយ ។

បច្ចុប្បន្នជនបង្កត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីហើយដែរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ