ខឹងឪពុកប្រើអោយទៅបោសសំរាម!! ទាយកាំបិតកាប់ក្បាលឪពុកតែម្តង

0

បន្ទាយមានជ័យ ៖ កូនប្រុសអកត្តញ្ញុម្នាក់ពេលព្រឹកឡើងក្រោកពីដេកឪពុកប្រើឲ្យបោសសំរាមបែរមិនធ្វើទេហើយតមាត់ថែមទៀត នៅពេលគាត់ស្តីបន្ទោសបន្តិចបន្តួចកូនអន្យតិរ្ថិយរូបនេះ បានទាញកាំបិតខ្វែវកាប់ឪពុកខ្លួនឯងចំក្បាលឲ្យរបួសធ្ងន់ ។

ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃអាទិត្យ ៣ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ ជនដៃដល់ជាកូនឈ្មោះ ហ៊ាវ ប៊ុនហួន ភេទប្រុស អាយុ២៥ឆ្នាំ និងជនរងគ្រោះជាឪពុកឈ្មោះ ទឿ ហៀត អាយុ៥៣ឆ្នាំ ទាំង០២នាក់ រស់នៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកព្រះនេត្រព្រះបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុ ក្រោយក្រោកពីដេកឈ្មោះ ទឿ ហៀត ជាឪពុក បានប្រើឈ្មោះ ហ៊ាវ ប៊ុនហួន ជាកូនឲ្យបោសសំរាមនៅជុំវិញផ្ទះ ប៉ុន្តែជនដៃដល់មិនធ្វើហើយបានតមាត់ជាមួយឪពុកមិនព្រមធ្វើ រហូតឈានដល់ជាជម្លោះ តឹងសរសៃកដល់គ្នាទៅវិញទៅមក  បន្ទាប់មកឈ្មោះ ហ៊ាវ ប៊ុនហួន ជាកូននេះ បានស្ទុះទៅទាញកាំបិតខ្វែវកាប់ទៅលើឪពុកខ្លួនឯងត្រូវចំក្បាល បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។

នគរបាលបានបញ្ជាក់ទៀតថា ៖ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជនដៃដល់ត្រូវបានចាប់ឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ