កម្ពុជាបានចំណាយថវិកាចំនួន ១១៨ លានដុល្លារអាម៉េរិក សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២

0

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ គឺបានចំណាយថវិកាចំនួន ១១៨ លានដុល្លារអាម៉េរិក ដែលជាថវិកាសន្សំរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីយូរមកហើយ។ នេះជាប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ការចំណាយក្នុងរង្វង់ ១១៨លានដុល្លារនេះ គឺគិតទាំងពីការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង តាំងពី៣ឆ្នាំមុនមកជាបន្តបន្ទាប់ ដោយសារការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ឱ្យលក្ខណៈសុក្រិត ស្របតាមស្តង់ដាអន្តរជាតិទៅតាមប្រភេទកីឡានីមួយៗ។ សម្ដេចពិជ័យសេនាបានបញ្ជាក់ថា៖ «ថវិកានេះបូកបញ្ជូលទាំងការចំណាយផ្សេងៗ ដូចជាការជួលមជ្ឈមណ្ឌលពិព័រណ៌ជ្រោយចង្វារ OCIC ទាំងមូល សម្រាប់ការរៀបចំការប្រកួតកីឡាក្នុងសាលមួយចំនួន ព្រមទាំងការចំណាយលើផ្នែកកីឡាពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងផ្នែកកីឡាជនពិការ។ បូករួមទាំងការចំណាយផ្សេងៗទៀតជាច្រើន ដូចជាបានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិនានា នៅក្រៅប្រទេស ដូចជាថ្លៃសំបុត្រយន្តហោះ ថ្លៃហូបចុកស្នាក់នៅជាដើម។ យើងបានចំណាយថវិកាជាបន្តបន្ទាប់ចាប់ពីពេលនោះមកដល់ពេលនេះ»។

ជាមួយគ្នានេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តផ្តល់ការហូបចុកស្នាក់ និងការដឹកជញ្ជូនសម្រាប់ប្រតិភូកីឡាទាំងអស់ក្នុងអាស៊ីអាគ្នេយ៍ ដែលមកប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដោយឥតគិតថ្លៃ (៧លានដុល្លារបន្ថែម) ដែលសរុបទាំងអស់ពេលនេះ ១១៨លានដុល្លារអាម៉េរិក។

ដោយមានការលើកឡើងចំពោះការចំណាយក្នុងការរៀបចំស៊ីហ្គេមមុនៗពីបណ្តាប្រទេសជាម្ចាស់ផ្ទះ កន្លងមក គឺកម្ពុជាបានចំណាយតិចជាងគេ ត្រង់ចំណុចនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមថា៖ «យើងបានគិតគូយ៉ាងហ្មត់ចត់ណាស់ ដោយកម្ពុជាធ្លាប់ក្រលំបាក ដូច្នេះការចំណាយថវិកាជាតិក្នុងចំនួននេះ គឺជាការសន្សំសំចៃ ប៉ុន្តែយើងរួបរួមគ្នាគ្រប់ផ្នែកទាំងអស់ធ្វើកិច្ចការដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាមានភាពអស្ចារ្យ»។

ជុំវិញការត្រៀមខ្លួននេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានជម្រាបជូនពីដំណើរប្រតិភូកីឡាមួយចំនួនមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីត្រៀមកម្មវិធីសំខាន់ៗជាច្រើន មុនពិធីបើកជាផ្លូវការ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តមគូសបញ្ជាក់ថា សម្រាប់ប្រភេទកីឡាបាល់ទាត់បានមកដល់កម្ពុជាអស់ហើយ ខណៈប្រភេទកីឡាផ្សេងៗបានមកជាបន្តបណ្តើរហើយដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ប្រភេទកីឡាបាល់ទាត់ត្រូវស្នាក់នៅសណ្ឋាគារតែពីរសណ្ឋាគារ ក្នុងរាជធានីភ្នំពេញ ដែលកៀកនឹងទីលានប្រកួត ដែលប្រភេទកីឡាមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញក៏ត្រូវបានរៀបចំឱ្យស្នាក់នៅសណ្ឋាគារនៅជិតទីលានប្រកួតដូចៗគ្នាផងដែរ។ ចំពោះ៩ប្រភេទកីឡា ដែលត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវស្នាក់នៅក្នុងភូមិកីឡា ដែលអាចស្នាក់នៅហូបចុកចំនួន ៣ ៥០០ នាក់។

«មកដល់ពេលនេះ ការត្រៀមរៀបចំរបស់យើង គឺបានរួចរាល់ ហើយយើងនឹងត្រៀមទទួលបដិសណ្ឋារកិច្ចចំពោះប្រតិភូកីឡាជាបន្តបន្ទាប់ទៀត ដែលនឹងមកដល់ចាប់ពីថ្ងៃទី៣០ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី០៣ ខែឧសភា យើងនឹងធ្វើពិធីគោរពទង់ជាតិគ្រប់បណ្តាប្រទេសចូលរួមទាំងអស់។ ចំពោះថ្ងៃទី០៤ខែឧសភា យើងនឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍មួយទៀត ជាលើកចុងក្រោយ មុនការប្រកួត ហើយនៅថ្ងៃទី០៥ ខែឧសភា នឹងប្រារព្ធពិធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ»។ ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់បន្ថែម៕

ប្រភព៖ ក្រសួងព័ត៌មាន