ភ្នំពេញ៖ ករណីអគ្គិភ័យដែលបានឆាបឆេះផ្ទះ មួយកន្លែង និងឆេះបំផ្លាញអស់សម្ភារៈមួយចំនួន កើតឡើងនៅចំណុចផ្ទះលេខ៤២ តាមបណ្តោយផ្លូវ៣០២ ភូមិ៩ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោង ៤និង០០នាទីល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ និងប្រើប្រាស់ឡានទឹក០១គ្រឿង។ បើតាមសមត្ថកិច្ច ករណីអគ្គិភ័យខាងលេីនេះ គឺបណ្តាលមកពីជាងផ្សារដែកធ្លាក់កំទិចធូបបង្កជាអគ្គិភ័យ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានករណីអគ្គិភ័យនេះ លោកបានបញ្ជាកម្លាំងសមត្ថកិច្ចជំនាញ ធ្វេីការចេញរថយន្តពន្លត់អគ្គិភ័យភ្លាមៗ ដេីម្បីជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។
ចំពោះករណីនេះដែរ គឺមិនបានបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសមនុស្សណាម្នាក់នោះទេ។ ដោយក្នុងនោះបានបណ្តាលឲ្យខូចខាតសម្ភារៈក្នុងផ្ទះរួមមាន ម៉ាស៉ីនត្រជាក់ ព្រមទាំងសម្ភារៈមួយចំនួន នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។ នេះបើតាមការបញ្ជាក់បន្ថែម របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា ករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានបាញ់ទឹកពន្លត់ នៅវេលាម៉ោង០៤និង២០នាទីល្ងាច ក្នុងនោះសមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ