ចាប់បានម្នាក់​ ក្នុងចំណោម ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ

0

ពោធិ៍សាត់៖ កាលពីថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង​០៥និង១៥នាទី​ល្ងាច មានករណី ចោរលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ឡើងតែមស៊េរីឆ្នាំ ២០២២ពណ៌ខ្មៅ ពាក់ស្លាកលខ ពោធិ៍សាត់1D-7934 ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ក្នុងចំណោមបក្សពួក០៣នាក់ -ជនសង្ស័យឈ្មោះ សុង ច័ន្ទសុភាឬទ្ធិ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ។

យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យបានជិះម៉ូតូរហូតហួសផ្លូវចូលរម្មណីដ្ឋានល្បាក់កំរោញប្រហែល ២គីឡូ ម៉ែត្រ ស្ថិតនៅភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ឈ្មោះ គឹម សាវង់ បានប្រាប់ឲ្យឈ្មោះ សុង ច័ន្ទសុភាឬទ្ធិ ឈប់ម៉ូតូក្បែរគុម្ភឬស្សី ដើម្បីកាប់ឬស្សីធ្វើដងកាំបិតកកុក ក្រោយពីកាប់ឬស្សីធ្វើដងកាំ បិតកកុកទាំងពីររួច ពួកជនសង្ស័យនាំគ្នា ជិះម៉ូតូតាមផ្លូវជាតិលេខ៥៥ត្រឡប់មកក្រោយវិញ ពេលជិះមកដល់ចំណុចគីឡូម៉ែត្រលេខ៤៤ស្ថិតនៅភូមិឃុំខាងលើ ឈ្មោះ គឹម សាវង់ បានប្រាប់ឲ្យឈ្មោះ សុង ច័ន្ទសុភាឬទ្ធិ បត់ចូលតាមផ្លូវក្រាលគ្រួសក្រហមចូលទៅក្នុងភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ពេលជិះតាមផ្លូវចូលក្នុងភូមិបានប្រហែលមួយគីឡូម៉ែត្រ ឈ្មោះ ស៊ុន ហួនីន និងឈ្មោះ គឹម សាវង់ បានចុះពីលើម៉ូតូនៅកណ្ដាលផ្លូវស្ងាត់មនុស្ស ហើយបោះកាំបិតកកុកចំនួន០២ដើមដែលទើបតែកាប់ឬស្សីធ្វើដងរួចចូលទៅក្នុងព្រៃ ចំណែកឯឈ្មោះ សុង ច័ន្ទសុភាឬទ្ធិ ជិះម៉ូតូដឹកកាប៊ូបខោអាវរបស់ឈ្មោះ គឹម សាវង់ យកម៉ូតូទៅធ្វើនៅផ្លូវជាតិខាងមុខ នៅវេលាម៉ោងប្រហែល៤និង ១៥នាទីរសៀលថ្ងៃខែឆ្នាំដដែល ដោយទុកឈ្មោះ គឹម សាវង់ និងឈ្មោះ ស៊ុន ហួនីន នៅកន្លែងឈប់ម៉ូតូខាងលើ វេលាម៉ោងប្រហែល០៥និង១៥នាទីល្ងាច កុមារីឈ្មោះ ណន ស្រីនីត អាយុ១៣ឆ្នាំ រស់នៅភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ បានជិះម៉ូតូរបស់បងស្រីបង្កើតឈ្មោះ ណន ចន្នី អាយុ៣៣ឆ្នាំ រស់នៅជាមួយគ្នា ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៤ ឡើងតែមសេរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D-9734 ជិះតែម្នាក់ឯង ចេញពីផ្ទះបងស្រីឈ្មោះ ណន ចន្ថា អាយុ៣១ឆ្នាំ រស់នៅចំណុចគីឡូម៉ែត្រលេខ៤៤តាមបណ្ដោយផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិឃុំខាងលើ ជិះចូលតាមផ្លូរក្រាលគ្រួសក្រហមទៅផ្ទះក្នុងភូមិ ពេលជិះតាមផ្លូវក៏បានជួបជាមួយជនសង្ស័យ ឈ្មោះ ស៊ុន ហួនីន និងឈ្មោះ គឹម សាវង់  ឃើញដូចនេះជនសង្ស័យទាំងពីរនាក់មានម្នាក់បានបក់ដៃកាក់ម៉ូតូឲ្យកុមារី ឈ្មោះ ណន ស្រីនិត ដែលកំពុងតែជិះឈប់ តែកុមារីមិនឈប់ ជនសង្ស័យម្នាក់ទៀតក៏បានកាន់កាំបិតកកុករត់ចូលទៅរកម៉ូតូដែលកុមារីឈ្មោះ ណន ស្រីនិត កំពុងតែជិះ ធ្វើឲ្យកុមារីឈ្មោះ ណន ស្រីនិត ភ័យខ្លាំងពេក ក៏ធ្លាក់ពីលើម៉ូតូដែលកំពុងតែជិះ ទៅលើចិញ្ចើមផ្លូវគ្រួសក្រហមរមាលធ្លាក់ទៅក្នុងប្រឡាយទឹកបណ្ដាលឲ្យរងរបួសស្រាលចំជើងខាងឆ្វេង បន្ទាប់មក ជនសង្ស័យឈ្មោះ ស៊ុន ហួនីន និងឈ្មោះ គឹម សាវង់ ក៏បានលួចយកម៉ូតូជិះរត់គេចខ្លួនបាត់ទៅ។បញ្ជាក់ ជនសង្ស័យឈ្មោះ គឹម សាវង់ ហៅក្ដាម ធ្លាប់ជាប់ពន្ធនាគារយះពេលមួយឆ្នាំម្ដងរួចមកហើយ ពាក់ព័ន្ធនិងការប្រព្រឹត្តបទល្មើសលួច។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ