បន្ទាយមានជ័យ៖ នៅវេលាម៉ោង០៣និង៣០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការ បង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ ព្រមទាំងចាប់យកវត្ថុតាងគ្រឿងញៀនមួយចំនួនធំ នៅចំណុចមុខក្លឹបMEXCLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ជនសង្ស័យឈ្មោះ សែតថាវុធ ឡាម៉ានី (Settawoot lamanee) ហៅ តាក់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលមាត់អូរព្រំដែន ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វត្ថុតាងរួមមាន៖ -គ្រឿងញៀនប្រភេទ ក្រាមម្សៅពណ៌សថ្លា(ខេ)ចំនួន១៦៤កូនថង់កិប ទម្ងន់១៩១,២ក្រាម (មួយរយ កៅសិបមួយក្បៀសពីរក្រាម ថ្លឹងទាំងសម្បកថង់),-ទូរស័ព្ទចំនួន ០១គ្រឿង (ម៉ាក IPHONE 13Pro ពណ៌ខ្មៅ) -ប្រាក់បាត ចំនួន១០,០០០បាត (មួយម៉ឺនបាត), -ប្រាក់ដុល្លារ ចំនួន ៣០០ដុល្លា, -នាឡិកាដៃ ម៉ាក IWATCH ពណ៌ស ចំនួន ០១គ្រឿង, -សៀវភៅលិខិតឆ្លងដែន ចំនួន ០១ក្បាល,-អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ (Settawoot lamanee) ចំនួន ០១សន្លឹក, កាតទាហ៊ានថៃ ចំនួន ០១សន្លឹក, -ថង់ក្រដាសសម្រាប់ដាក់គ្រឿងញៀន ចំនួន ០១។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឱ្យដឹងទៀតថា មុនពេលបង្ក្រាបករណីនេះ នៅវេលាម៉ោងប្រហែល០២និង០០នាទី ទាបភ្លឺថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលសេចក្តីរាយការណ៍ពីសន្តិសុខយាមក្នុងក្លឹប MEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតថា មានជនសង្ស័យម្នាក់ជនជាតិថៃ បានយួរថង់ក្រដាសមួយ បម្រុងនឹងដើរចូលក្នុងក្លឹបតែក៏ត្រូវបានសន្តិសុខ មានការសង្ស័យ ហើយសុំឆែកក្នុងថង់ក្រដាសនោះ ក៏ឃើញមានគ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា មួយចំនួនធំ (១៦៤កូនថង់) ដោយឃើញដូចនេះសន្ដិសុខក៏បានរាយការណ៍មកកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង ធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានសារភាពថា រូបខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
លោកវរសេនីយ៍ឯក ជា តារា បានបន្តទៀតថា ករណីជួញដូរគ្រឿងញៀននេះសមត្ថកិច្ចអាវុធហត្ថយើងកំពុងធ្វើការស្រាវជ្រាវរកមេក្លោងធំដែលនៅពីក្រោយករណីនេះផងដែរ។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ អនុវត្តតាមនីតិវិធី៕
ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ