Home សង្គម កសិករចិញ្ចឹមបង្កងអូស្ត្រាលី ចែករំលែកបទពិសោធន៍ជោគជ័យ

កសិករចិញ្ចឹមបង្កងអូស្ត្រាលី ចែករំលែកបទពិសោធន៍ជោគជ័យ

0

ឧត្តរមានជ័យ៖ ផ្តើមចេញពីការទិញបង្កងអូស្ត្រាលីចំនួន៣០ក្បាលមកចិញ្ចឹមសាកល្បង រហូតទទួលបានជោគជ័យពង្រីកស្រះចិញ្ចឹមជាបន្តបន្ទាប់ កសិករឃុម ឃុន រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមាន ជ័យ បានបន្តចែករំលែកបទពិសោធន៍នៃការចិញ្ចឹមបង្កងទៅកាន់កសិករដទៃទៀតក្នុងសហគមន៍ ដើម្បីឱ្យទទួលបានជោគជ័យដូចខ្លួន។

លោក ឃុម ឃុន អាយុ៦២ឆ្នាំ រស់នៅភូមិអូស្វាយ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានប្រាប់អ្នក យកព័ត៌មានវិទ្យុជាតិកម្ពុជាថា រយៈពេល៤ឆ្នាំមកហើយ ដែលលោកចាប់យមុខរបរចិញ្ចឹមបង្កងអូស្រ្តាលី ដោយដើម ឡើយទទួលបានការជួយជ្រោមជ្រែង និងបណ្តុះ បណ្តាលពីមន្ទីរកសិកម្មខេត្ត។ លោកបន្តថា ផ្តើមចេញពីការចិញ្ចឹមជំហានដំបូងត្រឹមតែបង្កងចំនួន៣០ក្បាលប៉ុណ្ណោះ តែបច្ចុប្បន្នបង្កងអូស្ត្រាលីរបស់លោកបានកើនឡើងមានចំនួនរហូតដល់ទៅ១២ស្រះ ដោយក្នុងមួយស្រះ មានបង្កងពីចន្លោះ៤០ទៅ៥០គីឡូក្រាម។

លោកបន្តថា បច្ចុប្បន្នទីផ្សារលក់ចេញបង្កងសាច់ ហាក់មានភាពចង្អៀតបន្តិច តែលោកអាចលក់ចេញកូនបង្កងសម្រាប់យកទៅចិញ្ចឹមបន្ត ក្នុងនោះមួយខែ លោកអាចលក់ចេញកូនបង្កងបាន ចន្លោះពី១,០០០ទៅ ២,០០០ កូន ដោយបង្កងសាច់អាចលក់បាន៨០,០០០រៀល ក្នុងមួយគីឡូក្រាម និងកូនបង្កង អាចលក់បានមួយក្បាល ៨០០ រៀល។ ភាគច្រើននៃអ្នកទិញកូនបង្កងទាំងនោះ ជាអ្នករស់នៅក្នុងសហគមន៍ ដូច្នេះលោកក៏បន្តចែករំលែកបទពិសោធន៍នៃការចិញ្ចឹមបង្កងទៅកាន់ពួកគាត់ដែរ។

 បានអ្នកស្រុកហ្នឹងគេយកទៅចិញ្ចឹមខ្លះ ២ទៅ ៣ គីឡូតាមគេចិញ្ចឹម ឃើញខ្ញុំចិញ្ចឹមកើតទៅ គេចង់សាក មើលដែរ ដល់យកទៅគេកើតរបស់គេដែរ ខ្លះគេទិញកូនយកទៅចិញ្ចឹម លក់ខែមុនបានពីរពាន់កូនដែរ។ តាមយើងរៀនយើងចេះដឹងតិចតួចទេ មិនជ្រៅជ្រះអីប៉ុន្មានទេ ខ្ញុំលក់បានមួយគ្រាប់៨០០រៀល អ្នកជិតខាងទិញ យកទៅលែងក្នុងស្រះទៅ មិនមានបញ្ហាដូចយើងចិញ្ចឹមក្នុងអាង យកទៅក៏ចេះតែកើតទៅ អត់មានអីទេធំៗហើយ កើតច្រើនដែរចូល២០នាក់ហើយមើលទៅ។

លោកឃុម ឃុន បានបញ្ជាក់បន្ថែមថា៖ បើសិនជាកសិករ ចង់ចិញ្ចឹមបង្កងអូស្រ្តាលី អាចជ្រើសរើសយកការចិញ្ចឹមដោយទិញកូនយកទៅចិញ្ចឹម ក្នុងស្រះឬក្នុងតង់បាន ព្រោះកូនបង្កងមានតម្លៃសមរម្យ មិនចាំបាច់ចំណាយពេលវេលារង់ចាំយូរ ដូចការចិញ្ចឹមភ្ញាស់កូន ត្រឹមរយៈពេល៤ខែប៉ុណ្ណោះ អាចផ្តល់សាច់បរិភោគនិងលក់ចេញបាន៕

ប្រភព៖ ក្រសួងព័ត៌មាន

Previous articleគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៨ មានអ្នកស្លាប់ និងរបួស ២៨នាក់
Next articleពលរដ្ឋ​ជិត​៥ម៉ឺន​នាក់ ​​បានជិះរថយន្ត​ក្រុងក្នុង​ឱកាសបុណ្យ​ចូលឆ្នាំខ្មែរ