កំពង់ចាម៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងអំឡុងព្រឹត្តិការណ៍សង្ក្រាន្ត និងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តកំពង់ចាមទទួលភ្ញៀវទេសចរ មកលេងកម្សាន្ត តាមរមណីយដ្ឋាន និងគោលដៅលម្ហែនានា មានចំនួនប្រមាណ ១ ៨៣៨ ៨១១នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស មានចំនួន ៦៧៦នាក់។
ទន្ទឹមនឹងនោះដែរ បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងរយៈពេល០៣ថ្ងៃនេះ គឺមិនមានបញ្ហាអ្វីកើតឡើងធំដុំឡើយ ពោលគឺបានដំណើរការយ៉ាងល្អប្រសើរ ។
នៅក្នុងខេត្តកំពង់ចាមមានរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗ មាន៖ រមណីយដ្ឋានទឹកឆា, រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា, រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ, រមណីយដ្ឋានបែមប៊ូរីសត, រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី, រមណីយដ្ឋាននគរបាជ័យ, រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ, រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន, អាហារដ្ឋានស្មៅទន្លេ, អាហារដ្ឋានសួនស្នេហ៍សុភមង្គល, និងក្រុងកំពង់ចាម ៕
ប្រភព៖ ក្រសួងព័ត៌មាន