គ្រាន់តែថ្ងៃចូលឆ្នាំខ្មែរទី៣ ខេត្តកំពង់ឆ្នាំ ទទួលបានភ្ញៀវទេសចរជាង ៥០ម៉ឺននាក់

0

កំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ១១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរមកលេងសង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ នៅទូទាំងខេត្តកំពង់ឆ្នាំងមានចំនួនជាង៥០ម៉ឺននាក់ មានការកើនឡើង ៧៥ភាគរយ បើប្រៀបធៀបឆ្នាំកន្លងមក ។ នេះយោងតាមរបាយការណ៍លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ហើយក្នុងពិធីនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការ ជាច្រើននាក់ក៏បានចូលរួមលេងល្បែងប្រជាប្រិយ៍ យ៉ាងស្និទ្ធស្នាលបំផុតជាមួយប្រជាពលរដ្ឋផងដែរ។

លោក សេង សាលី បានមានប្រសាសន៍ថា ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះ នៅក្នុងខេត្តកំពង់ឆ្នាំង គេសង្កេតឃើញនៅតាមមន្ទីរអង្គភាព ជុំវិញខេត្ត ពិសេសក្នុងក្រុងកំពង់ឆ្នាំង ក៏ដូចជានៅតាមបណ្ដាទីវត្តអារាមនានា សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ជាច្រើន រួមទាំងទីកន្លែងសប្បាយផ្សេងៗ នៅតាមមូលដ្ឋានជាច្រើនទៀតទូទាំងខេត្តកំពង់ឆ្នាំង បាននិងកំពុង រំលេចទៅដោយផ្កាភ្ញី ភ្លើងពណ៌ផ្សេងៗទាំងការសម្អាតបរិស្ថាន និងអនាម័យ ប្រកបទៅដោយសោភណភាពល្អ ដើម្បីទទួលទេវតាឆ្នាំថ្មី និងជាកន្លែងលេងកម្សាន្តដែលមើលទៅគួរឱ្យជាទីគយគន់ និងបង្កភាពសប្បាយរីករាយ ក្នុងឱកាសការឈប់សម្រាករយៈពេល០៣ថ្ងៃ ក្នុងនោះក៏មានមានរមណីយដ្ឋានវប្បធម៌ និងធម្មជាតិចំនួន ២៤កន្លែងផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ការរៀបចំទីតាំងកម្សាន្តជាច្រើននៅក្នុងក្រុងកំពង់ឆ្នាំង ដើម្បីត្រៀមសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកចូលរួមលេងកម្សាន្តរយៈពេល០៣យប់ ០៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដែលជាបុណ្យប្រពៃណីជាតិយើង។ ក្នុងនោះមានដូចជា តំបន់ត្រជាក់ដែលបានរៀបចំតុបតែងលម្អទៅដោយភ្លើងចម្រុះពណ៌ និងបំពាក់ទៅដោយឧបករណ៍បាញ់ទឹកពីលើ និងទីតាំងបាញ់ទឹកតាមចង្វាក់ភ្លេងនៅមុខសាលាខេត្ត ដែលទើបតែសម្ពោធដាក់ឱ្យប្រើប្រាស់ រួមទាំងការតាំងពិពណ៌ និង មានវង់តន្ត្រីប្រគំជូនរយៈពេល០៣យប់ ០៣ថ្ងៃផងដែរ។ ដោយឡែកនៅតាមបណ្ដាតំបន់ទេសចរ ណ៍ ទីរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ជាច្រើនកន្លែងទៀត នៅតាមបណ្ដាស្រុកទូទាំងខេត្ត និងនៅតាមទីវត្តអារាមនានា ក៏បានរៀបចំតុបតែងសង្ក្រាន្ត ដើម្បីត្រៀមក្នុងពិធីបុណ្យចូលឆ្នាំថ្មី ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត។

ឯកឧត្តមបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដោយសុំឱ្យការលេងកម្សាន្តនូវ ល្បែងប្រជាប្រិយខ្មែរយើង។ ដូចជាចោលឈូង, បោះអង្គុញ, ទាញព្រាត់, និងល្បែងប្រជា ប្រិយរបស់ខ្មែរយើងជាច្រើនទៀត ដែលជាល្បែងប្រពៃណីជាតិ ដើម្បីនាំគ្នាជួយអភិរក្ស និងថែរក្សានូវវប្បធម៌ជាតិយើងកុំឱ្យបាត់បង់។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់មន្ត្រីសុខាភិបាល ត្រូវតែត្រៀមលក្ខណៈជាប់ជាប្រចាំចំពោះការថែទាំ ព្យាបាលអ្នកជំងឺ និងការជួយសង្គ្រោះបន្ទាន់ នៅគ្រប់មណ្ឌលសុខភាព។ ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះចំណីអាហារ គឺការលក់ដូរ និងការទទួលទានចំណីអាហារ ត្រូវតែមានអនាម័យ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលពិសាស្រាស មិនត្រូវលាយជាមួយភេសជ្ជៈផ្សេងៗ ដែលអាចធ្វើឱ្យពុល ឬក៏មានការរាគរូសដោយប្រការណាមួយ ៕

ប្រភព៖ ក្រសួងព័ត៌មាន